បច្ចុប្បន្ន រថយន្តអគ្គិសនីរបស់ចិន កំពុងទទួលបានការគាំទ្រជាខ្លាំង ដោយសារតម្លៃធូរថ្លៃ ហើយបច្ចេកវិទ្យាវិញ ក៏ទំនើបមិនចាញ់ក្រុមហ៊ុនអាមេរិក និងជប៉ុនប៉ុន្មានឡើយ។

តួយ៉ាង រថយន្តអគ្គិសនីរបស់ចិនដែលកំពុងមានវត្តមាននៅប្រទេសថៃ កំពុងមានប្រជាប្រិយភាពខ្លាំង ហើយវាក៏បានធ្វើឲ្យក្រុមហ៊ុនរថយន្តជប៉ុន ដែលធ្លាប់តែក្ដោបក្ដាប់ទីផ្សារធំនៅថៃ ប្រឈមនឹងហានិភ័យផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនថៃ Siam Motors ដែលធ្លាប់ជាដៃគូជាមួយក្រុមហ៊ុនជប៉ុន Nissan Motors តាំងពីឆ្នាំ ១៩៦២ កំពុងស្វែងរកឱកាសចាប់ដៃគូជាមួយក្រុមហ៊ុនចិនវិញ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ពួកគេបានចរចាជាមួយក្រុមហ៊ុនចិន ២ ទៅ ៣ក្រុមហ៊ុនរួចរាល់ហើយ។

គួរជម្រាបដែរថា ថៃគឺជាមជ្ឈមណ្ឌលផលិត និងនាំចេញរថយន្តធំបំផុតទី ២ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ខណៈជប៉ុនគឺជាអ្នកក្ដោបក្ដាប់ទីផ្សាររថយន្តនៅអាស៊ាន អស់រយៈពេលជាច្រើនទសវត្សមកហើយ។
ប៉ុន្តែចាប់តាំងពីចិនបោះជំហានចូលប្រកួតនៅអាស៊ាន ជាពិសេសនៅប្រទេសថៃ ពួកគេដណ្ដើមបានទីផ្សារយ៉ាងលឿន ដោយក្នុងនោះ BYD ជាអ្នកគ្រប់គ្រងទីផ្សារនៅថៃធំបំផុត និងលក់បានរថយន្តប្រហែល ១៨ ៥០០គ្រឿង ចន្លោះពីខែមករា ដល់ខែមេសា៕