ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស នាថ្ងៃច័ន្ទ មុនធ្វើដំណើរបន្តទៅកាន់ប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នាថ្ងៃទី ១១ ខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

ប្រភពដដែលបន្ថែមថា អំឡុងពេលនៅចក្រភពអង់គ្លេស មេដឹកនាំសហរដ្ឋអាមេរិកបានចូលគាល់ព្រះមហាក្សត្រ King Charles III និងនាយករដ្ឋមន្ត្រី Rishi Sunak ដើម្បីជជែកគ្នា ពីកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយអង់គ្លេស។

បន្ថែមពីនោះ ព្រះមហាក្សត្រអង់គ្លេស និងប្រធានាធិបតី ចូ បៃដិន ក៏បានពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយនេះក៏ជាការជួបគ្នាលើកដំបូងរវាងមេដឹកនាំអាមេរិក និងស្ដេច King Charles III តាំងពីទ្រង់ឡើងគ្រងរាជ្យផងដែរ។

សូមជម្រាបដែរថា សារនេះក៏ជាការជួបគ្នាលើកទី ០៥ រវាងប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ផងដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕