ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានត្រៀមចាកចេញពីប្រទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសលីទុយអានីនាថ្ងៃទី ១១ ខែកក្កដា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានបទដែលមេដឹកនាំកូរ៉េខាងត្បូង នឹងលើកមកជជែកគ្នាក្នុងកិច្ចប្រជុំកំពូលមួយនោះគឺ បញ្ហានៃភាពតានតឹងជាមួយចិន និងកូរ៉េខាងជើង។
រំលឹកដែរថា មួយរយៈកាលចុងក្រោយនេះ លោក Yoon ព្យាយាមរឹតចំណងមិត្តភាពជាមួយអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺផ្នែកសុវត្ថិភាពតែម្ដង ដើម្បីការពារខ្លួនពីការគម្រាមកំហែងរបស់កូរ៉េខាងជើង ដែលធ្លាប់គម្រាមបាញ់គ្រាប់មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ។
សូមជម្រាបបន្ថែមថា ក្រោយបញ្ចប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលណាតូ ជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ប្រធានាធិបតី Yoon Suk-yeol នឹងបន្តបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញពីថ្ងៃពុធតទៅ៕