ចិន គ្រោងហាមឃាត់ការនាំចូលអាហារសមុទ្រមួយចំនួនពីជប៉ុន ក្រោមហេតុផលសុវត្ថិភាព

អន្តរជាតិ

ថ្មីៗនេះ គយចិនបានធ្វើការប្រកាសថា ខ្លួននឹងធ្វើការហាមឃាត់ការនាំចូលអាហារសមុទ្រប្រហែល១ភាគ៥ ពីប្រទេសជប៉ុន ដោយសារតែមានក្តីបារម្ភជុំវិញបញ្ហាសុវត្ថិភាព ក្រោយពេលជប៉ុន បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបញ្ចេញសារធាតុនុយក្លែអ៊ែរចូលទៅកាន់សមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិន ដែលជាអ្នកទិញចូលអាហារសមុទ្រពីប្រទេសជប៉ុនដ៏ធំមួយ បាននិយាយថា ខ្លួននឹងបន្តធ្វើការពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនូវឯកសារសម្រាប់ម្ហូបអាហារ ពិសេសផលិតផលសមុទ្រពីផ្នែកផ្សេងទៀត របស់ប្រទេសជប៉ុនផងដែរ ។

មិនតែប៉ុណ្ណោះ គយចិនបាននិយាយថា ខ្លួននឹងបន្តពង្រឹងការស្រាវជ្រាវ និងតាមដានសារធាតុវិទ្យុសកម្ម ដើម្បីអាចធានាបាននូវសុវត្ថិភាពចំណីអាហារ ដែលនាំចូលពីប្រទេសជប៉ុន ជាមួយនឹងផែនការក្នុងការហាមឃាត់ការនាំចូលពីខេត្តចំនួន ១០ ។

ជុំវិញវិធានការនេះ គឺដើម្បីការពារការនាំចូលអាហារជប៉ុន ដែលមានជាតិវិទ្យុសកម្មមកកាន់ប្រទេសចិន និងការពារសុវត្ថិភាពចំហីអាហារនៃការនាំចូលរបស់អ្នកប្រើប្រាស់ចិន ។ ​

អស់ពេលជាច្រើនសប្តាហ៍មកហើយ ដែលប្រទេសចិន បានសម្តែងនូវការប្រឆាំងយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកមានជាតិវិទ្យុសកម្ម ពីរោងចក្រនុយក្លែអ៊ែររបស់ខ្លួន នៅ Fukushima ចូលទៅកាន់សមុទ្រ។

ជម្រាបជូនផងដែរថា អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅសប្តាហ៍នេះ បានបើកភ្លើងខៀវ ដល់ប្រទេសជប៉ុន ដើម្បីចាប់ផ្តើមបញ្ចេញទឹកជាងមួយលានតោន ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់រេអាក់ទ័រនុយក្លេអ៊ែរ របស់រោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១៕