រដ្ឋាភិបាលបានធ្វើការប្រកាសនៅថ្ងៃចន្ទនេះថា ការដាក់ពាក្យស្នើសុំវិនិយោគ ក្នុងប្រទេសថៃ នៅចន្លោះខែមករា ដល់ខែមិថុនា បានកើនឡើង ៧០% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ខណ:ការកើនឡើងនេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយគម្រោងរបស់ក្រុមអ្នកវិនិយោគបរទេស ក្នុងវិស័យអេឡិចត្រូនិក អាហារ និងរថយន្ត។ នេះបើតាមការចុះផ្សាយពី CNA ។
ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយ:ពេលត្រឹម ៦ ខែដំបូងឆ្នាំនេះ ពាក្យស្នើសុំការវិនិយោគសរុបមានចំនួន ៣៦៤,៤ពាន់លានបាត (១០,៣៧ពាន់លានដុល្លារ) ស្របពេលការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើង ១៤១% ធៀបទៅនឹងឆ្នាំមុន ដល់ចំនួន ៣០៤ពាន់លានបាត។
ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស ចិនគឺជាអ្នកវិនិយោគធំជាងគេ ជាមួយនឹងគម្រោងសរុប ដែលមានតម្លៃ ៦១,៥ពាន់លានបាត ស្របពេលសិង្ហបុរីតាមពីក្រោយ ដោយមានគម្រោងវិនិយោគ ៥៩ពាន់លានបាត និងជប៉ុន ៣៥,៣ពាន់លានបាត ។
មិនតែប៉ុណ្ណោះ BOI បានបង្ហាញឱ្យដឹងទៀតថា កិច្ចសន្យាវិនិយោគនៅឆមាសទី១ ឆ្នាំនេះ ត្រូវបានជំរុញយ៉ាងខ្លាំង ដោយឧស្សាហកម្មរថយន្ត និងផ្នែកពាក់ព័ន្ធ ជាមួយនឹងគម្រោងវិនិយោគចំនួន ៨០ ដែលមានតម្លៃសរុប ១៩,៦ពាន់លានបាត ។
ជម្រាបជូនផងដែរថា ប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តធំបំផុតមួយក្នុងតំបន់ កំពុងបន្តលើកកម្ពស់ការវិនិយោគរបស់ខ្លួនបន្ថែមទៀត ជាពិសេសទៅលើរថយន្តអគ្គិសនី ព្រោះប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ក៏ចង់កែប្រែខ្លួនឱ្យទៅជាមជ្ឈមណ្ឌលសម្រាប់ការផលិតថយន្ត EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ ៕