តម្លៃហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិន មានការកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលបញ្ចេញនូវគោលនយោបាយថ្មី ដែលគាំទ្រដល់ផ្នែកហិរញ្ញវត្ថុនៃវិស័យអចលនទ្រព្យ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

តម្លៃហ៊ុនរបស់ក្រុមហ៊ុន Hang Seng Mainland Properties Index កើនឡើង ១,៨% ខណៈក្រុមហ៊ុន SCI 300 Real Estate Index កើនបាន ០,១% និងក្រុមហ៊ុន Sunac China, Logan Group និង KWG Group កើនចន្លោះពី ៤ ដល់ ៥%។
បន្ថែមពីនោះ អ្នកជំនាញបន្ថែមថា គោលនយោបាយមួយនោះ នឹងជួយសម្រួលដល់ទុក្ខលំបាករបស់ក្រុមហ៊ុនអចលនទ្រព្យបានមួយចំណែក និងអាចធានាពីការបញ្ចប់គម្រោងលំនៅឋាន ដែលកំពុងជាប់គាំងមួយចំនួន។

គោលនយោបាយមួយនេះ ធនាគារកណ្ដាលចិនទុកពេលឲ្យក្រុមហ៊ុនអចលនទ្រព្យចិនរយៈពេល ១២ខែបន្ថែម ដើម្បីដោះស្រាយបំណុលក្នុងឆ្នាំនេះ។
គួររំលឹកបន្តិចថា កាលពីពាក់កណ្ដាលឆ្នាំ ២០២១ វិស័យអចលនទ្រព្យនៅចិន ទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារតែការអាក់ខានសងបំណុលរបស់ក្រុមហ៊ុន China Evergrande Group ដែលបច្ចុប្បន្ន ជាក្រុមហ៊ុនអចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក៕