រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នាសប្ដាហ៍នេះឡើយ បន្ទាប់ពីរបាយការណ៍ថា រដ្ឋមន្ត្រីការបរទេសម្នាក់នេះ បានបាត់មុខពីសាធារណៈអស់រយៈពេលច្រើនជាង ២សប្ដាហ៍មកហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ជំនួសឲ្យអវត្តមានរបស់លោក Qin Gang ប្រមុខការទូតចិន Wang Yi នឹងចូលរួមកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ក្នុងនាមជាអ្នកតំណាងឲ្យប្រទេសចិន។

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន គ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃសុក្រ និងវេទិកាតំបន់អាស៊ាន។
គួររំលឹកដែរថា លោក Qin ដែលមានវ័យ ៥៧ឆ្នាំ បានក្លាយជាអ្នកស្នងតំណែងជារដ្ឋមន្ត្រីការបរទេសពីលោក Wang កាលពីខែធ្នូឆ្នាំទៅ ហើយលោកបានបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតគឺ កាលពីថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីជួបប្រជុំជាមួយស្រីលង្កា រុស្ស៊ី និងវៀតណាម៕