មហាសេដ្ឋីឥណ្ឌា Gautam Adani និង Mukesh Ambani កំពុងប្រជែងគ្នាទិញយករោងចក្រធ្យូងថ្ម ពីអតីតមហាសេដ្ឋីដែលក្ស័យធន Anil Ambani ខណៈបច្ចុប្បន្នក្រុមហ៊ុនរបស់ Adani កំពុងនាំមុខសម្រាប់ការដេញថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រភពដដែលបន្ថែមថា រោងចក្រធ្យូងថ្មដែលមានឈ្មោះថា Vidarbha Industries Power Ltd គឺស្ថិតនៅចំកណ្ដាលប្រទេសឥណ្ឌា ហើយលោក Anil Ambani ធ្លាប់ប្រកាសលក់វាម្ដង ក្នុងតម្លៃប្រមាណ ១៤៥,៨លានដុល្លារ ដើម្បីសងបំណុលមួយចំនួន។

ដោយឡែក លោក Adani មានបំណងចង់បានរោងចក្រធ្យូងថ្ម ពីមហាសេដ្ឋីក្ស័យធនរូបនេះ គឺដោយសារចង់ពង្រីកអាជីវកម្មរបស់ខ្លួន លើវិស័យរ៉ែ។
សូមជម្រាបដែរថា បច្ចុប្បន្នតុលាការកំពុងដាក់រោងចក្រធ្យូងថ្មមួយនេះ ឲ្យដេញថ្លៃទិញយក ប៉ុន្តែក្រុមហ៊ុនរបស់មហាសេដ្ឋី Adani ទំនងនឹងជួបគូប្រជែងជាច្រើន ជាពិសេសគឺលោក Mukesh Ambani ដែលជាបងប្អូនរបស់អតីតម្ចាស់ក្រុមហ៊ុននេះតែម្ដង ដោយពួកគេមានបំណងដេញថ្លៃយកក្រុមហ៊ុនមកគ្រប់គ្រងវិញ៕