ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានលើកឡើងថា ទោះបញ្ហានយោបាយនៅមីយ៉ាន់កំពុងធ្លាក់ក្នុងសភាពបែបណាក៏ដោយ អាស៊ានត្រូវតែគោរពតាមគោលការណ៍ ៥ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០២១។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានទាំងអស់ បានជំនុំគ្នានៅទីក្រុងហ្សាកាតា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមាននៅមីយ៉ាន់ម៉ា ហើយក្រោយកិច្ចប្រជុំមួយនោះបញ្ចប់ អាស៊ានក៏ឯកភាពគ្នាលើគោលការណ៍ ៥ ចំណុច។
គោលការណ៍ ៥ចំណុចនោះមានដូចជា៖
ទី១៖ ត្រូវតែបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា ហើយភាគីទាំងអស់ត្រូវអត់ធ្មត់ជាអតិបរមា។
ទី២៖ ការសន្ទនាក្នុងន័យស្ថាបនារវាងគ្រប់ភាគីពាក់ព័ន្ធត្រូវចាប់ផ្តើម ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវជួយសម្រួលដល់ការសម្របសម្រួលនៃដំណើរការសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ហៅកាត់ AHA ។
ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងកាលពីឆ្នាំមុន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា សមាជិកអាស៊ានទាំងអស់ត្រូវតែព្យាយាម គ្រប់សកម្មភាព ដើម្បីទ្រទ្រង់ និងគោរពតាមគោលការណ៍ ៥ចំណុចខាងលើ៕