យោងតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃទីអង្គារទី ១១ ខែកក្កដាថា គ្រួសារនីមួយៗរបស់ថៃ គួរតែបង្កើតកូនយ៉ាងហោចណាស់ឱ្យបាន ២នាក់ ដើម្បីជួយទប់ស្កាត់អត្រាកំណើតធ្លាក់ចុះ នៅក្នុងប្រទេសនេះ។
ដូចដែលបានរាយការណ៍ដោយកាសែត Bangkok Post បានបង្ហាញថា លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បាននិយាយថា ក្នុងមួយឆ្នាំៗ មានអត្រាកំណើតចំនួនមួយលាននាក់ នៅក្នុងប្រទេសថៃ គិតចាប់ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៨៣ ប៉ុន្តែអត្រាកំណើតបានធ្លាក់ចុះមកនៅត្រឹម ៥០២ ១០៧ នាក់ប៉ុណ្ណោះ កាលពីឆ្នាំមុន ហើយទំនងជា ធ្លាក់ចុះដល់ក្រោម ៥០០ ០០០ នាក់ នៅឆ្នាំ ២០២៣ នេះ។
ទន្ទឹមនឹងនេះ ចំនួនប្រជាជនមានវ័យចំណាស់ ត្រូវបានគេឃើញថាកំពុងមានកើនឡើងខ្លាំង ដោយនៅឆ្នាំ ២០២១ ប្រទេសថៃ បានក្លាយជាសង្គមមានមនុស្សចាស់ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ស្មើទៅនឹង ២០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ ហើយនៅឆ្នាំ ២០៣០ ខាងមុខ គេបានព្យាករថា ថៃ នឹងក្លាយជាសង្គមមានមនុស្សចាស់កាន់តែច្រើន ដោយស្មើទៅនឹង ៣០% នៃប្រជាជនសរុប ប្រសិនបើអត្រាកំណើត នៅតែបន្តធ្លាក់ចុះ ។
ជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ ២០១៦ មក រដ្ឋាភិបាលថៃ បានព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួន បង្កើតកូនកាន់តែច្រើន ប៉ុន្តែវិធានការទាំងនេះ គឺមិនទទួលផលនោះឡើយ ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំប្រទេសនេះ បន្តបង្កើតវិធានការថ្មីៗបន្ថែមទៀត ដូចជាការបើកសម្ភពបន្ថែម ក៏ដូចជាផ្តល់សិទ្ធិចំពោះមាតា ក្នុងការឈប់សម្រាកពីការងារ ផងដែរ ៕