រឿងរ៉ាវធំៗ ២ កំពុងធ្វើឲ្យអនាគតជានាយករដ្ឋមន្ត្រីថៃរបស់លោកភីថា មានភាពស្រពិចស្រពិល

អន្តរជាតិ

រដ្ឋសភាថៃកំពុងបើកកិច្ចប្រជុំ និងការតស៊ូមតិ​រវាង​សមាជិកសភា ក្នុងការសម្រេច​ជ្រើសរើស​នាយករដ្ឋមន្ត្រីថ្មី​នាថ្ងៃនេះ ខណៈការតស៊ូមតិនោះ គឺប្រធានសភាលោក Wan Muhamad Noor Matha ទុកពេលឲ្យ ៦ម៉ោង ពោល​លទ្ធផល​សម្រេចចុងក្រោយអាចនឹងប្រកាស​នារសៀល​ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បេក្ខភាព​ដែល​លេចធ្លោរ និងទទួល​បាន​ភាគរយខ្ពស់​ក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​គឺ​មេគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ ក្រោយ​ទទួលបាន​សម្លេងគាំទ្រ​ច្រើន​បំផុត សម្រាប់ការ​បោះឆ្នោតសកល​កាលពីខែឧសភា។

ប៉ុន្តែមិនមែនមានន័យថា លោកភីថា នឹងក្លាយជា​នាយករដ្ឋមន្ត្រី ១០០%ឡើយ ដ្បិត​បច្ចុប្បន្ន​លោក​កំពុង​ផុងខ្លួន ជាមួយ​នឹង​ការ​ចោទប្រកាន់ធំៗ​ចំនួន ២ ដែលអាច​ធ្វើ​ឲ្យ​លោក​មិនមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ សម្រាប់​ដឹកនាំ​ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពី CNN។

រឿងក្ដីទីមួយនោះគឺ កេរ្តិ៍មរតក​ឪពុក​ដែល​បាន​បន្សល់​ទុក ដែលជា​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ ដែលខុសពីច្បាប់ដែលបានចែងដោយរដ្ឋធម្មនុញ្ញថា គ្រប់បេក្ខភាព​នាយករដ្ឋមន្ត្រីទាំងអស់ មិនអនុញ្ញាតិ​ឲ្យ​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ ហើយ​ទាមទារ​ឲ្យ​លោកដកហូតសិទ្ធជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លោកភីថា បាន​ប្រកែកដាច់អហង្ការ​ និងសំណូមពរឲ្យ​គណៈកម្មការ​រៀបចំការបោះឆ្នោត (EC) បញ្ជូនសំណុំរឿងនេះទៅតុលាការ។

រីឯរឿងធំមួយទៀតគឺ EC ចោទប្រកាន់លោកមេបក្សឆ្ពោះទៅមុខទៅថា បានរំលោភបំពាន​ច្បាប់​ឃោសនា​បោះឆ្នោត ហើយទាមទារ​ឲ្យ​ព្យួរឈ្មោះ​របស់លោកភីថា ក្នុងនាមជា​សមាជិកសភា និង​បញ្ជូនសំណុំរឿងទៅតុលាការរដ្ឋធម្មនុញ្ញ ខណៈ​សំណុំរឿងនេះ​នឹង​ត្រូវ​ត្រួតពិនិត្យ​នា​សប្ដាហ៍ក្រោយ ហើយបើសិនជា​រកឃើញថា លោកពិតជា​ល្មើសមែន លោក​នឹង​ត្រូវ​ផ្អាក​ពីកាតព្វកិច្ចនយោបាយ បើទោះជា​លោកជាប់​ជា​នាយករដ្ឋមន្ត្រីក្ដី។