សម័យប្រជុំសភា និងព្រឹទ្ធសភាថៃ ក្នុងការសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី កំពុងធ្វើឡើង ខណៈលទ្ធផលសម្រេចចុងក្រោយ អាចនឹងប្រកាសនារសៀលនេះ។

បេក្ខភាពដែលកំពុងមានសម្លេងគាំទ្រខ្លាំងគឺ លោក ភីថា លីមចារើនរ៉ាត់ ដែលជាមេបក្សឆ្ពោះទៅមុខ (MFP) ហើយលោកត្រូវការសម្លេងគាំទ្រ ៦៤សម្លេងទៀតប៉ុណ្ណោះ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីមួយ ប៉ុន្តែជាមួយគ្នានោះ ភីថា ក៏កំពុងជាប់ខ្លួនជាមួយរឿងក្ដីធំៗ ២ ដែលអាចធ្វើឲ្យលោក របូតសិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រីបានផងដែរ។

តើមានរឿងអ្វីកើតឡើង បើសិនជាលោក ភីថា មិនអាចទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតដោយរដ្ឋសភាលើកទីមួយ?
យោងតាមការចុះផ្សាយពីសារព័ត៌មាន AOL បានបង្ហាញថា ក្នុងករណីលោកភីថា មិនទទួលបានការគាំទ្រគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតនាថ្ងៃទី ១៣ ខែកក្កដានេះ គណបក្សចម្រុះរបស់លោក អាចចាត់លោកជាតំណាងបក្សម្ដងទៀត ដោយមានការគាំទ្រពីគណបក្សភឿថៃ ដែលជាសម្ព័ន្ធមិត្ត។

ប៉ុន្តែបើសិនជា គណបក្សភឿថៃ មានការប្រែប្រួលចិត្ត ដោយងាកមកគាំទ្របេក្ខភាពផ្សេង ក្រៅពីគណបក្សចម្រុះរបស់ខ្លួន ជាមួយនឹងការដោះដូរមុខតំណែងក្នុងក្រសួងសំខាន់ៗវិញ វានឹងក្លាយជារឿងផ្សេងដែលគ្រប់គ្នាស្មានមិនដល់។

ក្នុងករណី គណបក្សភឿថៃពិតជាធ្វើបែបនេះមែន លោក ប្រាវីត វុងស៊ូវ៉ាន់ ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ ទំនងមានភាគរយខ្ពស់ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី ពោលគឺមានការគាំទ្រខ្លាំងពីកងយោធា ស្របពេលសមាជិកព្រឹទ្ធសភាស្ទើតែទាំងអស់ គឺសុទ្ធតែជ្រើសតាំងដោយកងយោធាស្រាប់ផង។

សូមជម្រាបដែរថា បើសិនជាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដោយរដ្ឋសភា និងព្រឹទ្ធសភា មិនអាចសម្រេចទៅបាន លោក ប្រាយុទ្ធ ចាន់អូចា នឹងបន្តដឹកនាំប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង៕