ការនាំទំនិញចេញរបស់ចិនមានការធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយគិតត្រឹមខែមិថុនា ពោលធ្លាក់ចុះប្រហែល ១២,៤% បើធៀបនឹងឆ្នាំទៅ ដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក កំពុងជួបការរាំងស្ទះ។ នេះបើតាមការចុះផ្សាយពី CNA។

ប្រភពដដែលបន្ថែមថា ចំពោះការនាំចូលវិញ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ពោលធ្លាក់ចុះប្រមាណ ៦,៨% ស្របពេលសារព័ត៌មាន Reuters ព្យាករណ៍ថា ការនាំចេញរបស់ចិនធ្លាក់ចុះ ៩,៥% ខណៈការនាំចូលវិញធ្លាក់ប្រហែល ៤%។
តួយ៉ាង កប៉ាល់ដឹកទំនិញពីកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន ដែលជាសូចនាករឈានមុខគេសម្រាប់ការនាំចូលរបស់ចិន ក៏បានថយចុះប្រហែល ១៩% កាលពីខែមុនផងដែរ។
សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីចិន Li Qiang ក៏បានបញ្ចេញនូវគោលនយោបាយបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុកវិញផងដែរ បន្ទាប់ពីលោកចូលកាន់តំណែង ពោលគឺបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនឡើងវិញ៕