Foxconn ប្រកាសដកខ្លួនចេញពីគម្រោងតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់តៃវ៉ាន់ Foxconn បានធ្វើការប្រកាសថា ខ្លួនកំពុងដើរចេញពីគម្រោងដ៏ធំបំផុតមួយ ក្នុងការជួយសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងគេបង្អស់ នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាប់កិច្ចសន្យាដ៏ធំជាងគេរបស់ពិភពលោកមួយនេះ បានបង្ហាញថា ខ្លួននឹងមិនបន្តដំណើរទៅមុខទៀតនោះឡើយ ជុំវិញការវិនិយោគរួមគ្នាមួយ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ ១៩,៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Vedanta (VEDL) ដែលត្រូវគេស្គាល់ថាជាក្រុមហ៊ុនលោហ: និងថាមពលដ៏ធំរបស់ឥណ្ឌា ។

យ៉ាងណាមិញ ចំពោះដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ត្រូវបានគេមើលឃើញថានឹងក្លាយជាការបំផ្លាញទៅដល់ផែនការរបស់រដ្ឋាភិបាលឥណ្ឌា ដែលចង់កែប្រែប្រទេសរបស់ខ្លួន ទៅជាមហាអំណាចក្នុងការផលិតគ្រឿងបច្ចេកវិទ្យា នាពេលអនាគតនោះ ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ CNN ក្រុមហ៊ុន Foxconn ដែលត្រូវបានគេស្គាល់ថាជាអ្នកផ្គត់ផ្គង់កំពូលរបស់ក្រុមហ៊ុន Apple ផងនោះ បាននិយាយថា ការសម្រេចចិត្តនេះ គឺផ្នែកទៅលើ កិច្ចព្រមព្រៀងរវាងភាគីក្រុមហ៊ុនទាំងពីរ ទៅវិញទៅមក និងអនុញ្ញាតឱ្យក្រុមហ៊ុន អាចស្វែងរកឱកាសអភិវឌ្ឍទៅលើផ្នែកផ្សេងៗបន្ថែមទៀត ។

ជម្រាបជូនផងដែរថា បន្ទាប់ពីមានការប្រកាសចំពោះការដកខ្លួនចេញរបស់ក្រុមហ៊ុន Foxconn ពីគម្រោងដ៏ធំនេះ នោះវាមានន័យថាការបណ្តាក់ទុនរួមគ្នាឥឡូវនេះ នឹងក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Vedanta ៕