ទីបំផុត! សភាថៃចាប់ផ្តើមបោះឆ្នោតរើសនាយករដ្ឋមន្រ្តីថ្មី ខណ:ការប្រកាសផ្លូវការ នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ

អន្តរជាតិ

បន្ទាប់ពីការអង្គុយចរចារួមគ្នាអស់រយ:ពេលជាច្រើនម៉ោងកន្លងមក តំណាងរាស្រ្ត និងព្រឹទ្ធសភា បានចាប់ផ្តើមបោះឆ្នោតទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីហើយ ស្របពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ កំពុងក្លាយជាបេក្ខភាពតែមួយគត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា ដំណើរការនៃការបោះឆ្នោតនេះ បានធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលជាច្រើនម៉ោង ទៅលើលក្ខណ:សម្បត្តិរបស់លោក ភីថា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់ ។

យ៉ាងណាក៏ដោយ សមាជិកសភា បានធ្វើការពិភាក្សាជាចម្បងលើបញ្ហាចម្រូងចម្រាសទាក់ទងទៅនឹងចេតនារបស់គណបក្សឆ្ពោះទៅមុខ ជុំវិញការកែប្រែច្បាប់មាត្រាទី ១១២ ស្តីពីការប្រមាថព្រះមហាក្សត្រ ក៏ដូចជាការកាន់កាប់ភាគហ៊ុនរបស់លោក ភីថា នៅក្នុងក្រុមហ៊ុនឯកជនផងដែរ ។

ដោយឡែក ប្រធានសភា លោក Wan Muhamad Noor Matha បានបញ្ជាក់ថាចំពោះដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អាចនឹងប្រកាស ក្នុងពេលឆាប់ៗ បន្ទាប់ពីការជជែកដេញដោលត្រូវបានពន្យាពេល ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក ភីថា កំពុងមានអាសន:ក្នុងដៃចំនួន ៣១២ នៅរដ្ឋសភា បន្ទាប់ពីបានបង្កើតក្រុមចម្រុះមួយ ដែលមានការចូលរួមដោយគណបក្សសម្ព័ន្ធចំនួន ៧ ផ្សេងទៀត។ ដូច្នេះវាមានន័យថា លោក ភីថា ត្រូវការសំលេងគាំទ្រចំនួន ៦៤ទៀត ពីគណបក្សដទៃ នៅខាងក្រៅក្រុមចម្រុះ ឬពីសមាជិកព្រឹទ្ធសភា ៕