កាលពីថ្ងៃទី ១៣ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីកិច្ចព្រមព្រៀងថ្មីជាមួយនឹងបារាំង ដែលមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារ ទាក់ទងនឹងការទិញយន្តហោះចម្បាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនោះ ធ្វើឡើងចំពេលនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីសរយៈពេល ២ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិឥណ្ឌាវិញក៏បានបង្ហើបដែរថា ឥណ្ឌាមានបំណងបញ្ជាទិញយន្តហោះចម្បាំង ២៦ គ្រឿង និងនាវាមុជទឹក ៣គ្រឿងថែមទៀត ខណៈតម្លៃ និងលក្ខខណ្ឌនានាកំពុងស្ថិតក្នុងការជជែកគ្នានៅឡើយ។
សូមជម្រាបដែរថា ឥណ្ឌាគឺជាម៉ូយដុំមួយ ដែលឧស្សាហ៍ទិញសព្វាវុធពីប្រទេសបារាំង ពោលកាលពីឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Modi ធ្លាប់ប្រកាសម្ដងពីកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង ៣៦គ្រឿង ដែលមានតម្លៃប្រមាណ ៤ពាន់លានអឺរ៉ូនាពេលនោះ៕