នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខការទូតចិន លោក Wang Yi បានជួបជាមួយអ្នកតំណាងប្រទេសធំៗជាច្រើនដូចជា ប្រមុខការទូតអាមេរិក លោក Antony Blinken ជាដើម។

បន្ថែមពីនោះ លោក Wang ក៏បានជួបជាមួយសម្ព័ន្ធមិត្តត្បូងពេជ្ររុស្ស៊ី ដោយបានបើកកិច្ចប្រជុំទ្វេភាគីក្រៅផ្លូវការ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថែមទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងកិច្ចប្រជុំរវាងប្រមុខការទូតចិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្រសួងការបរទេសចិនបានបញ្ជាក់ថា៖ ភាគីទាំងសងខាងបានគោរពតាមការឯកភាពសំខាន់ៗ ដែលប្រមុខរដ្ឋទាំង ២សម្រេចបាន ដូចជារក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងការសម្របសម្រួលនានា។
សូមជម្រាបដែរថា ក្នុងនាមជាអ្នកតំណាងឲ្យប្រទេសចិនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រមុខការទូត Wang Yi បានជួបជាមួយនឹងអ្នកតំណាងប្រទេសដៃគូធំៗជាច្រើនដូចជា អាមេរិក រុស្ស៊ី អូស្ត្រាលី ជប៉ុន និងឥណ្ឌាជាដើម៕