អ្នកជំនាញបង្ហាញថា ការពន្យាពេលក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី អាចផ្តល់ហានិភ័យដល់សេដ្ឋកិច្ចថៃ

អន្តរជាតិ

យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ការពន្យាពេលយូរ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងការបង្កើតរដ្ឋាភិបាលថ្មី អាចនឹងនាំឱ្យមានការតវ៉ា ហើយប្រសិនបើមានអំពើហិង្សាកើតឡើង នោះវាច្បាស់ជានឹងផ្តល់ផលប៉ះពាល់ខ្លាំង ដល់ចំណូលដែលបានពីវិស័យទេសចរណ៍ និងអាចធ្វើឱ្យបាត់បង់ថវិកាជាតិរាប់រយពាន់លានបាត ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ លោក Thanavath Phonvichai ប្រធាន UTCC បាននិយាយ កាលពីថ្ងៃព្រសហស្បតិ៍ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ត្រូវបានចាត់ទុកថាជាសូចនាករដ៏សំខាន់ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ ប៉ុន្តែសាកលវិទ្យាល័យ បានផ្តល់ក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបង្កើតរដ្ឋាភិបាលថ្មី ដែលអាចអូសន្លាយរយ:ពេលយូរ ។

លោក Thanavath បានមានប្រសាសន៍ទៀតថា ៖ “​ទាំងអ្នកជំនួញ និងអ្នកប្រើប្រាស់ កំពុងឃ្លាំមើលយ៉ាងដិតដល់បំផុត ចំពោះការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលអាចទាមទារឱ្យមានការបោះឆ្នោតជាច្រើន ” ។

លើសពីនេះ UTCC បានព្យាករអំពីផលប៉ះពាល់សេដ្ឋកិច្ចតិចតួច ប្រសិនបើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងការបង្កើតរដ្ឋាភិបាលថ្មី អាចដំណើរការទៅបាន ក្នុងអំឡុងខែសីហា ឬខែកញ្ញា ពីព្រោះវាស្ថិតនៅក្នុងក្របខ័ណ្ឌថវិកា ដែលមានស្រាប់។ ប៉ុន្តែ UTCC ក៏បានបង្ហាញទៀតផងដែរថា ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មី ត្រូវអូសបន្លាយហួសពីខែតុលា នោះការរៀបចំបែងចែកថវិកាថ្មី ក៏អាចនឹងត្រូវពន្យាពេលទៅត្រីមាសទី ២ ឆ្នាំក្រោយ ដែលអាចរារាំងដល់ការពង្រីកកំណើនសេដ្ឋកិច្ច ជាក់ជាមិនខាន។

ជាងនេះទៅទៀត លោក Thanavath បាននិយាយថា ប្រសិនបើការជ្រើសរើសនាយករដ្ឋមន្ត្រី និងការបង្កើតរដ្ឋាភិបាលថ្មី អាចដំណើរការទៅដោយរលូន ដោយគ្មានការតវ៉ា នោះវានឹងអនុញ្ញាតឱ្យមានការអនុវត្តគំនិតផ្តួចផ្តើមវិនិយោគ ហើយសេដ្ឋកិច្ចក៏អាចកើនឡើងដល់ ៤% ផងដែរ នៅឆ្នាំនេះ ។

ប៉ុន្តែទន្ទឹមនឹងនេះ ប្រសិនបើដំណើរការជ្រើសរើស និងការបង្កើតរដ្ឋាភិបាលថ្មី ប្រឈមមុខនឹងបាតុកម្មធ្ងន់ធ្ងរ ដែលនាំឱ្យបរទេស ចេញការព្រមានអំពីការធ្វើដំណើរមកកាន់ប្រទេសថៃនោះ ចំនួនភ្ញៀវទេសចរបរទេស នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ អាចនឹងធ្លាក់ចុះ ១០ លាននាក់។ ហើយបញ្ហានេះ អាចនឹងនាំឱ្យបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់ទៅ ៥០០ពាន់លានបាត និងថយចុះ ១% នៃផលិតផលក្នុងស្រុកសរុប ថែមទៀតផង ៕