កាលពីពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani ទទួលបានការអនុញ្ញាតិ ចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍តំបន់អនាធិបតេយ្យធំបំផុតជាងគេនៅអាស៊ីឡើងវិញ ដែលស្ថិតនៅតំបន់ Dharavi នៅចំកណ្ដាលទីក្រុង Mumbai ប្រទេសឥណ្ឌាតែម្ដង។
អ្នកនាំពាក្យអាជ្ញាធរអភិវឌ្ឍន៍តំបន់ក្រុងបុមបៃ ដែលមើលការខុសត្រូវលើគម្រោងមួយនេះបានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនអចលនទ្រព្យរបស់មហាសេដ្ឋីឥណ្ឌា ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ Maharashtra។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheIrishTimes។
រំលឹកបន្តិចថា កាលពីឆ្នាំទៅ ក្រុមហ៊ុនរបស់លោក Adani ដេញថ្លៃឈ្នះការអភិវឌ្ឍន៍តំបន់អនាធិបតេយ្យមួយនេះ ក្នុងតម្លៃប្រមាណ ៦១៩លានដុល្លារ ខណៈវាគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦២០ហិកតា និងមានសក្ដានុពលក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតមួយនៅអាស៊ីថែមទៀត។
យ៉ាងណា បញ្ហាចំបងដែលមហាសេដ្ឋីឥណ្ឌាកំពុងប្រឈមមុខគឺ ការស្វែងរកកញ្ចប់ទឹកប្រាក់វិនិយោគប្រមាណជិត ៣ពាន់លានដុល្លារ ដើម្បីអាចដំណើរការគម្រោងមួយនេះ ដ្បិតកន្លងមកក្រុមហ៊ុនរបស់ Adani ទទួលរងការប៉ះពាល់ខ្លាំង ពីរឿងរ៉ាវចោទប្រកាន់ថា លោកបានបន្លំទិន្នន័យផ្សារហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ជិត ១៥០ពាន់លានដុល្លារ៕