នាថ្ងៃទី ១៧ ខែកក្កដានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានចាប់ផ្ដើមរុះរើគណរដ្ឋមន្ត្រីជាលើកទី ០៤ សម្រាប់ការកាន់អំណាច ២អាណត្តិមកនេះ ហើយក៏មានការតែងតាំងរដ្ឋមន្ត្រីថ្មីៗផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្នុងការរុះរើគណរដ្ឋមន្ត្រីសារនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានតែងតាំងលោក Budi Arie Setiadi ជារដ្ឋមន្ត្រីទំនាក់ទំនងថ្មី ជំនួសលោក Johnny Plate ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ។

រំលឹកបន្តិចថា លោក Setiadi ដែលជាអតីតអ្នកកាសែត បានក្លាយជាស្ថាបនិកក្រុមអ្នកស្ម័គ្រចិត្ត Projo របស់លោក Widodo ហើយពីមុនលោកធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីនៃភូមិ អភិវឌ្ឍន៍តំបន់ជួបការលំបាក និងការធ្វើចំណាកស្រុក។
បន្ថែមពីនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានតែងតាំងលោក Nezar Patria ដែលជាអតីតប្រធាននិពន្ធនៃកាសែត Jakarta Post ជាអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានថ្មីផងដែរ ស្របពេលលោក Pahala Nugraha Mansury ដែលពីមុនធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ (SOE) ជាអនុរដ្ឋមន្ត្រីថ្មីទទួលបន្ទុកកិច្ចការបរទេស។

សូមជម្រាបបន្ថែមថា រដ្ឋមន្ត្រីថ្មីៗដែលទើបទទួលបានការតែងតាំង នឹងត្រូវបំពេញភារកិច្ចត្រឹមខែតុលា ឆ្នាំ២០២៤ប៉ុណ្ណោះ ពោលពួកគេអាចនឹងត្រូវបានជំនួស ដោយបុគ្គលផ្សេងៗទៀត នៅពេលដែលប្រធានាធិបតីថ្មី ត្រូវបានជ្រើសរើសដោយការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៤៕