ឥណ្ឌូនេស៊ី ចង់កាត់បន្ថយការពឹងផ្អែកលើអូស្ត្រាលី ដោយគ្រោងនាំចូលគោ ពីអាហ្រ្វិក និងម៉ិកស៊ិកបន្ថែម

អន្តរជាតិ

ឥណ្ឌូនេស៊ី កំពុងមានគម្រោងក្នុងការពង្រីកលើការនាំចូលសត្វគោពីអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទាំងស្រុង តែទៅលើប្រទេសអូស្រ្តាលី។ នេះបើតាមអគ្គលេខាធិការក្រសួងពាណិជ្ជកម្ម លោក Suhanto បានលើកឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Suhanto បានបង្ហាញទៀតថា ឥណ្ឌូនេស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាពាណិជ្ជកម្មជាមួយប្រទេសម៉ិកស៊ិក លើកកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យមានការនាំចូលសត្វគោ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកបន្ថែម។ ទន្ទឹមនឹងនេះ ផែនការនាំចូលសត្វគោចំនួន ៥០ ០០០ ក្បាល ពីប្រទេសអាហ្វ្រិកខាងត្បូង ក៏ត្រូវបានលើកឡើង ដោយអ្នកសម្របសម្រួលកិច្ចការសមុទ្រ និងរដ្ឋមន្ត្រីវិនិយោគ លោក Luhut Binsar Panjaitan ផងដែរ អំឡុងពេលលោកជួបជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ។

មិនតែប៉ុណ្ណោះ លោក Suhanto បានសង្កត់ធ្ងន់ទៀតថា នៅពេលដែលផែនការនាំចូលគោ ពីអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក ត្រូវបានអនុវត្ត ដូច្នេះឥណ្ឌូនេស៊ី នឹងមិនចាំបាច់ត្រូវពឹងផ្នែកទាំងស្រុងលើការផ្គត់ផ្គង់ពីអូស្រ្តាលីទៀតនោះទេ ដោយសារតែតម្លៃគោអូស្រ្តាលី គឺមាននិន្នាការកើនឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃក្នុងស្រុក ។

ជម្រាបជូនផងដែរថា បើតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី (BPS) បានបង្ហាញថា អូស្ត្រាលីគឺជាអ្នកនាំចេញសត្វគោច្រើនជាងគេ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ក្នុង​ឆ្នាំ​២០១៧ ការ​នាំ​ចូល​គោ​របស់​អូស្ត្រាលី​ ទៅកាន់​ឥណ្ឌូណេស៊ី​បាន​កើន​ដល់ ៨៥ ១៩២ តោន។ ហើយនៅឆ្នាំ ២០១៨ ចំនួននេះបានកើនឡើងដល់ ១០០ ៦២៣ តោន ខណ:នៅឆ្នាំ ២០១៩ ចំនួនកើនឡើងដល់ ១២២ ៦៨៤ តោន។ ក្នុងឆ្នាំ ២០២០ ប្រទេសឥណ្ឌូនេស៊ី បាននាំចូលគោ ត្រឹម ១០៥​ ១៦០ តោន ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំបន្ទាប់ ប្រទេសនេះបាននាំចូលដល់ចំនួន ១២២ ៨៦៣ តោន៕