កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ឲ្យបន្តព្យាយាមពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២វិញ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន ហាក់ដកខ្លួនពីចិន មកពឹងលើអាមេរិកច្រើនជាង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Ferdinand Marcos Jr ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ ២០២២ សម្រាប់អាណត្តិរយៈពេល ៦ឆ្នាំ ហើយក្រោមការដឹកនាំរបស់លោក ហ្វីលីពីនព្យាយាមកាត់បន្ថយការពឹងផ្អែកទៅលើចិន ដោយងាកមកចាប់ដៃជាមួយអាមេរិកវិញ។
ដោយឡែក ក្នុងជំនួបជាមួយអតីតប្រធានាធិបតីហ្វីលីពីន ថ្នាក់ដឹកនាំកំពូលចិនបានលើកឡើងថា៖ ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងហ្វីលីពីន។
ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក Rodrigo បន្ថែមទៀតថា៖ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន អ្នកបានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ នូវជម្រើសជាយុទ្ធសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសចិន ក្នុងអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងចំពោះប្រវត្តិសាស្ត្រ។
សូមជម្រាបបន្ថែមថា កាលពីខែមុន អតីតប្រធានាធិបតីហ្វីលីពីន Rodrigo ធ្លាប់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ហ្វីលីពីនអាចនឹងក្លាយជា “ទីបញ្ចុះសព” បើសិនជាហ៊ានផុងខ្លួនកាន់តែជ្រៅ ក្នុងទំនាស់រវាងមហាអំណាចអាមេរិក និងចិន៕