នាថ្ងៃទី ១៨ ខែកក្កដានេះ បេសកជនអាកាសធាតុអាមេរិក លោក John Kerry បានជួបជាមួយប្រមុខការទូតចិនលោក Wang Yi នៅទីក្រុងប៉េកាំង ខណៈមន្ត្រីជាន់ខ្ពស់ទាំង ២នេះ ព្យាយាមស្ដារទំនាក់ទំនងការទូតឡើងវិញ ដោយជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ។

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ CNA បានបង្ហាញថា លោក Kerry ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីប្រមុខការទូតចិន នៅឯសាល The Great Hall of the People ក្នុងថ្ងៃទី ០៣ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់បេសកជនអាមេរិក ដែលគ្រោងនឹងបញ្ចប់នាថ្ងៃស្អែកនេះ។
“កិច្ចសហប្រតិបត្តិការលើការបម្រែបម្រួលអាកាសធាតុ កំពុងរីកចម្រើនក្រោមអាកាសធាតុរួមរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដូច្នេះយើងត្រូវការការគាំទ្ររួមគ្នាពីប្រជាជនចិន និងសហរដ្ឋអាមេរិក”។ នេះបើតាមសម្ដីរបស់លោក Wang បានប្រាប់ទៅកាន់សម្លាញ់ចាស់ Kerry។

សូមជម្រាបដែរថា កិច្ចពិភាក្សាបញ្ហាបម្រែបម្រួលអាកាសធាតុរវាងប្រទេសមហាអំណាចទាំង ២ ទើបនឹងបន្តឡើងវិញ ក្រោយផ្អាកកាលពីឆ្នាំមុន ដោយសារអតីតប្រធានសភា Nancy Pelosi បានធ្វើឲ្យចិនផ្ទុះកំហឹង ដោយសារដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះជាចិនព្រមានច្រើនលើកច្រើនសារ កុំឲ្យលូកដៃក្នុងបញ្ហាផ្ទៃក្នុងក៏ដោយ៕