ក្រុមចម្រុះ នៅតែបន្តគាំទ្រឱ្យលោក ភីថា ឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃថ្មី

អន្តរជាតិ

កាលពីថ្ងៃចន្ទ ទី ១៧ ខែកក្កដា ក្រុមចម្រុះ ដែលមានគណបក្សនយោបាយទាំង ៨ ចូលរួមគ្នាក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះ បានធ្វើការបញ្ជាក់ឡើងវិញអំពីគោលជំហររបស់ខ្លួន ក្នុងការគាំទ្រដល់ លោក ភីថា លីមចារើនរ៉ាត់ ឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី បើទោះបីជាគាត់បានបរាជ័យ ក្នុងការបោះឆ្នោតសភា កាលពីសប្តាហ៍មុនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំគណបក្សឈ្នះឆ្នោត ឆ្ពោះទៅមុខ លោក ភីថា បានទទួលរងការបរាជ័យ ក្នុងការបោះឆ្នោតជុំទីមួយ ដែលលោកមិនអាចទទួលបានសំឡេងគាំទ្រជាចាំបាច់ ពីសំណាក់សភាជាន់ទាប ដែលរួមបញ្ជូលគ្នា និងសភាជាន់ខ្ពស់ ឬព្រឹទ្ធសភា នោះឡើយ។ ខណ:ពេលដែលសភា នឹងត្រូវបើកកិច្ចប្រជុំ ដើម្បីរៀបចំការបោះឆ្នោតសម្រាប់ជុំទី ២ នៅថ្ងៃពុធ ខាងមុខ ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមចម្រុះរបស់ខ្លួន លោក ភីថា បានប្រកាន់ជំហរថា ការតែងតាំងនាយករដ្ឋមន្ត្រីថ្មីមិនមែនជាការដាក់ញត្តិនោះឡើយ ដូច្នេះហើយបទប្បញ្ញត្តិនៃសម័យប្រជុំសភា ដែលហាមឃាត់ការបញ្ជូនសំណើឡើងវិញ មិនត្រូវបានអនុវត្តចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនោះទេ ។

ប៉ុន្តែទន្ទឹមនឹងនោះ លោក ភីថា បានបន្ថែមទៀតថា ប្រសិនបើលោក នៅតែមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតជុំទីពីរទេនោះ លោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្ត គឺគណបក្សភឿថៃ ដាក់បេក្ខភាពវិញម្តង។

ជម្រាបជូនផងដែរថា គណបក្សភឿថៃ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីពីរ នៅក្នុងការបោះឆ្នោតជាសកលកាលពីខែឧសភាកន្លងទៅ។ ហើយបក្សនេះ ក៏មានបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរួចហើយផងដែរ គឺជាមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៊ីន ដែលអាចនឹងត្រូវតែងតាំងជាបេក្ខភាព ប្រសិនបើមានការបោះឆ្នោតជុំទីបី កើតឡើងនោះ ៕