យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Rachada Dhnadirek បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនធំៗរបស់ចិន កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគ លើការផលិតរថយន្តអគ្គិសនី(EV) នៅក្នុងប្រទេសថៃ នៅក្នុងទំហំទឹកប្រាក់ដល់ទៅ ១,៤៤ពាន់លានដុល្លារ។
លោកស្រី Rachada បានលើកឡើងបែបនេះ អំឡុងព្រឹត្តិការណ៍មួយ ដែលរៀបចំធ្វើឡើងដោយការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) សម្រាប់ផ្តល់ឱកាសឱ្យវិនិយោគិន ក្នុងស្រុក និងបរទេស នៅក្នុងឧស្សាហកម្មផ្សេងៗ រួមមានទាំងអាកាសចរណ៍ និងអាវកាស ថាមពល អាហារ និងយានជំនិះទំនើប ជាពិសេសរថយន្តអគ្គិសនី ។
មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការចូលមកវិនិយោគនៅក្នុងប្រទេសថៃ ដោយទំហំនៃការវិនិយោគនោះ ត្រូវបានគេរំពឹងថាមានចំនួនលើសពី ១,៤៤ពាន់លានដុល្លារអាមេរិក ឯណោះ។
ជាងនេះទៅទៀត លោកស្រី Rachada បានបង្ហាញឱ្យដឹងទៀតថា ការមកដល់នៃក្រុមហ៊ុនផលិតរថយន្ត EV ធំៗរបស់ចិន នឹងអាចជួយលើកកម្ពស់ប្រជាប្រិយភាពក្នុងការប្រើប្រាស់រថយន្ត EV នៅក្នុងប្រទេសថៃ ដែលជាទីផ្សាររថយន្តធំជាងគេទីពីរក្នុងតំបន់អាស៊ាន។ ហើយមិនតែប៉ុណ្ណោះវាក៏នឹងអាចដើរតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់ឱ្យថៃ មានការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ថែមទៀតផង។
ជម្រាបជូនផងដែរថា បើតាមតួលេខរបស់ក្រសួងឧស្សាហកម្មបានបង្ហាញថា នៅឆមាសទីមួយនៃឆ្នាំ ២០២៣នេះថា មានរថយន្ត EV ប្រហែល ៣១ ០០០ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសថៃ ពោលគឺច្រើនជាង ៣ ដងនៃចំនួនរថយន្ត EV ដែលបានចុះបញ្ជីពេញមួយឆ្នាំ ២០២២៕