កាលពីថ្ងៃទី ១៨ ខែកក្កដានេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានជួបជជែកគ្នាជាមួយនឹងអ្នកការទូតអាមេរិកជើងចាស់ Henry Kissinger នៅទីក្រុងប៉េកាំង។

ក្នុងជំនួបនោះផងដែរ លោក Li បានសង្កត់ធ្ងន់ថា ចិនព្យាយាមធ្វើការជាមួយអាមេរិក រក្សាទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច និងយោធាឲ្យមានស្ថិរភាព ហើយភាគីអាមេរិកគួរតែព្យាយាមធ្វើបែនេះដូចគ្នា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
រដ្ឋមន្ត្រីការពារជាតិចិនបាននិយាយថា៖ មានមនុស្សមួយចំនួននៅក្នុងជួររដ្ឋាភិបាលអាមេរិក បានបរាជ័យក្នុងការដើរតាមទិសដៅដូចនឹងចិន ដែលបណ្ដាលឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកធ្លាក់មកដល់ចំណុចទាបបំផុត តាំងពីមានការបង្កើតទំនាក់ទំនងការទូតមក។

ជម្រាបន្ថែមថា អ្នកការទូតអាមេរិកអាយុ ១០០ឆ្នាំ ក៏បាននិយាយដែរថា អាមេរិក និងចិនគួរតែលុបចោលនូវការយល់ខុសលើគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងជៀសវាងការប្រឈមមុខដាក់គ្នា។ ប្រវត្តិសាស្ត្រ និងការអនុវត្តបានបង្ហាញជាបន្តបន្ទាប់ថា ទាំងសហរដ្ឋអាមេរិក និងចិន មិនអាចចាត់ទុកភាគីណាមួយជាសត្រូវឡើយ៕