ថ្មីៗនេះ រុស្សីបានបដិសេធមិនបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅទៀតឡើយ ដោយបញ្ឈប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ពិភពលោក ប៉ុន្តែយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅគួរតែបន្ត ទោះបីជារុស្សីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។នេះបើតាមការអោយដឹងពីសារព័ត៌មាន Aljazeera ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាគ្មាននរណាម្នាក់មានសិទ្ធបំផ្លាញសន្តិសុខស្បៀងអាហាររបស់ប្រទេសណាមួយបានឡើយ ហើយពិភពលោកអាចប្រកាសប្រាប់រុស្សីបានថា ខ្លួនមិនអនុញ្ញាតអោយរុស្សីធ្វើរឿងមិនត្រឹមត្រូវបែបនេះឡើយ។
យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែនក៏បានលើកឡើងនៅក្នុងគណនី Twitter របស់លោកផ្ទាល់ផងដែរថា ការដកខ្លួនរបស់រុស្សី គឺជាការប៉ុនប៉ងមួយទៀតរបស់រុស្សី ក្នុងការបង្កើតភាពអត់ឃ្លាន និងធ្វើអោយទីផ្សារអាហារពិភពលោកមានអស្ថិរភាព។
មួយវិញទៀតលោកលើកឡើងថា ការនាំចេញរបស់អ៊ុយក្រែនបានផ្គត់ផ្គង់ស្បៀងដល់ប្រជាជនបានប្រមាណ ៤០០លាននាក់ ដែលពឹងផ្អែកលើការនាំចេញអាហាររបស់អ៊ុយក្រែន ហើយរុស្សីមិនអាចដាក់តម្លៃនៃការផ្គត់ផ្គង់ដ៏សំខាន់បែបនេះបានតាមតែចិត្តនោះទេ។
លោកក៏បានបន្ថែមដែរថា ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែនគួរតែបន្ត បើទោះបីជាមាន ឬគ្មានការចូលរួមពីរុស្សីក៏ដោយ។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន គឺជាកិច្ចព្រមព្រៀងដែលអនុញ្ញាតអោយកប៉ាល់អាចដឹកទំនិញបានយ៉ាងមានសុវត្ថិភាពតាមច្រករបៀងក្នុងដែនទឹកសមុទ្រខ្មៅ ពីកំពង់ផែអ៊ុយក្រែន ខណៈកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ នាខែកក្កដា ឆ្នាំ២០២២៕