តុលាការធម្មនុញ្ញថៃ ប្រកាសព្យួរឈ្មោះលោក ភីថា ពីសមាជិកសភា មុនការបោះឆ្នោតជុំទីពីរ

អន្តរជាតិ

តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី ១៩ ខែកក្កដានេះ បានប្រកាសព្យួរតំណែងពីសមាជិកសភារបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីប្រជែងការបោះឆ្នោត ដោយសារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការព្យួរឈ្មោះជាបណ្តោះអាសន្ននេះ ត្រូវបានកើតឡើង នៅពេលដែលសភា និងព្រឹទ្ធសភា គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជុំទីពីរ នៅថ្ងៃពុធនេះ។ ខណ:ពេលដែលក្រុមចម្រុះ មានគណបក្សចំនួន ៨ ចូលរួមនោះ នៅតែបានបង្ហាញពីជំហររបស់ខ្លួន ក្នុងការដាក់ឈ្មោះលោក ភីថា ជាបេក្ខភាពតែមួយគត់ បើទោះបីជាគាត់មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ កាលពីការបោះឆ្នោតជុំទី១ ក្តី។

គួរឱ្យដឹងថា ការ​ព្យួរ​ឈ្មោះនេះផងដែរថា នឹងរារាំងលោក ភីថា ពីការចូលសភា ក្នុងនាមជាសមាជិក ប៉ុន្តែលោក នៅតែអាចត្រូវគេតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី និងចូលរួមសម័យប្រជុំបោះឆ្នោត លើបេក្ខភាពរបស់លោកបានដដែល ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន គណ:កម្មាធិការរៀបចំការបោះឆ្នោតថៃ បានធ្វើការបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីស្នើសុំឱ្យតុលាការធម្មនុញ្ញថៃ លុបចោលឋាន:សមាជិកសភារបស់លោក ភីថា ក្រោមការសង្ស័យថា លោកបានកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នៅពេលដែលលោកបានដាក់ពាក្យធ្វើជាបេក្ខជន សម្រាប់ការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅ ៕