គណបក្សភឿថៃ ត្រៀមបេក្ខភាពថ្មីរួចស្រេចហើយ បើលោក ភីថា បរាជ័យម្តងទៀត

អន្តរជាតិ

គណបក្សភឿថៃ នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខភាពនាយរដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា សម្រាប់ជុំទី៣ ប្រសិនបើមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បរាជ័យជាថ្មីម្តងទៀត សម្រាប់ការបោះឆ្នោតជុំទី២ នៅថ្ងៃពុធនេះនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Paetongtarn Shinawatra ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងនេះក្តី លោកស្រី Paetongtarn បានបញ្ជាក់ថា បក្សរបស់ខ្លួននឹងនៅតែបន្តគាំទ្រលោក ភីថា នៅក្នុងការបោះឆ្នោតជុំទីពីរ ខណ:រូបលោក ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ ៦៣ សំឡេងពីសមាជិកព្រឹទ្ធសភា ឬសមាជិកសភា ដែលស្ថិតនៅក្រៅក្រុមចម្រុះទាំង ៨ បក្សរបស់លោក ។

ប៉ុន្តែ ប្រសិនបើលោក ភីថា នៅតែបរាជ័យជាថ្មីម្តងទៀត លោកស្រី Paetongtarn បានលើកឡើងថា នឹងគាំទ្រឱ្យលោក Srettha ដែលជាមហាសេដ្ឋីអចលនទ្រព្យនោះ ជាបេក្ខភាពថ្មី ព្រោះថាលោកជាមនុស្សដ៏ស័ក្តិសមបំផុត ក្នុងចំណោមបេក្ខភាពទាំងបីរបស់បក្សភឿថៃ ដោយសារតែលោកមានបទ​ពិសោធ​ជោគជាំខាងផ្នែកសេដ្ឋកិច្ច។

គួរឱ្យដឹងថា លោកស្រី Paetongtarn ដែលជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សភឿថៃនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្រីមិនបានពិចារណាឈរឈ្មោះជាបេក្ខភាពនោះឡើយ បើសិនគណបក្សរបស់លោកស្រីនាំមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មីនោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ភីថា បានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីសភាគ្រប់គ្រាន់ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ ដោយសារតែជំហរគណបក្សរបស់គាត់ លើការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែយ៉ាងណា លោកភីថា បានប្តេជ្ញាថានឹងបន្តការតស៊ូសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃពុធនេះ ហើយប្រសិនបើលោកបន្តបរាជ័យ នោះលោកនឹងអនុញ្ញាតឱ្យសម្ព័ន្ធគណបក្សភឿថៃ ដាក់បេក្ខភាពវិញម្តង ៕