កាលពីថ្ងៃទី១៩ ខែកក្កដានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្វាយអបអរសាទរដល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសគម្រប់ខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។ នេះបើតាមការអោយដឹងពីសារព័ត៌មានPeople Daily ។
លោក ស៊ី បានមានប្រសាសន៍ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជារយៈពេល ៦៥ឆ្នាំមកនេះ ប្រទេសទាំងពីរទទួលបានការរីកចម្រើន និងមានភាពរឹងមាំ។ មួយវិញទៀតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” រវាងប្រទេសចិន និងកម្ពុជា ដែលគ្របដណ្តប់លើឆាកនយោបាយ នៃសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់នូវការរីកចម្រើននៃការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ”។
លោក ស៊ី សង្កត់ធ្ងន់ថា លោកមានការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា ដោយលោកមានឆន្ទៈក្នុងដំណើរជាមួយព្រះមហាក្សត្រ សីហមុនី ដើម្បីជំរុញឱ្យមានផ្លែផ្កាបន្ថែមទៀតក្នុងមិត្តភាពចិន-កម្ពុជា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ ហើយលោកសង្ឃឹមថា ទំនាក់ទំនងការទូតនៃមិត្តភាពចិន និងកម្ពុជា នឹងត្រូវប្រារព្ធឡើងជាបន្តបន្ទាប់ទៀត។
សូមជម្រាបផងដែរថា នៅដើមឆ្នាំ២០២៣នេះ ប្រធានាធិបតីចិន និងព្រះមហាក្សត្រ នរោត្តម សីហមុនី បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង និងបានផ្លាស់ប្តូរការឆ្លើយឆ្លងគ្នាជាច្រើនលើក ដែលនាំមកនូវបុព្វហេតុនៃការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាទៅកាន់យុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់៕