ក្រោយភីថាបរាជ័យ គណបក្សកូនស្រីថាក់ស៊ីន ទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី

អន្តរជាតិ

កាលពីថ្ងៃពុធកន្លងទៅ មេបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ បានបាត់បង់​ឱកាស​ក្នុងការក្លាយជា​នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពី​ទទួលបានការជំទាស់ពី​សមាជិក​រដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការឈរឈ្មោះលើកទី ២ ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា គណបក្សភឿថៃ បានក្លាយជា​បេក្ខភាព​ជួរមុខ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយ​មាន​ការ​បរាជ័យ​របស់​មេបក្សចម្រុះ ភីថា បើទោះបីជា​កន្លងមក លោកជាបេក្ខភាពតែមួយរូបក្ដី ក្នុងការ​បោះឆ្នោត​សម្រេច​ដោយ​សម័យ​ប្រជុំសភាថៃក្ដី។

បច្ចុប្បន្ន ក្រុមអ្នកសង្កេតនយោបាយកំពុង​ឃ្លាំមើលពី​សកម្មភាពបន្ទាប់​របស់​គណបក្ស​ដឹកនាំ​ដោយ​កូនស្រីពៅ​របស់​អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺអ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ថាតើអ្នកស្រី នឹងបន្តដំណើររួមគ្នាជាមួយគណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ចុះ Mou ជាមួយគ្នា ឬក៏ងាកទៅបង្កើតគណបក្សចម្រុះថ្មី។

សូមជម្រាបដែរថា ប្រធានសភា Wan Muhamad Noor Matha បានប្រកាសពីកាលបរិច្ឆេទនៃការ​បោះឆ្នោតថ្មី ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយគណបក្សភឿថៃ មានសិទ្ធក្នុងការ​ដាក់​បេក្ខភាព​ពីគណបក្សរបស់ខ្លួន បន្ទាប់ពីលោក ភីថា អស់ឱកាស​ក្នុងការ​ឈរឈ្មោះ៕