កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានចាត់ទុកថា ការរារាំងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីតៃវ៉ាន់ William Lai ទៅកាន់សហរដ្ឋអាមេរិក នាខែក្រោយ គឺជាអាទិភាពសំខាន់មួយ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង ក៏បានប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចមួយនេះផងដែរ។
រំលឹកបន្តិចថា លោក Lai បានប្រកាសពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក អំឡុងការធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីអបអរសាទរការចូលកាន់តំណែងប្រធានាធិបតីនៅទីនោះ នាថ្ងៃទី ១៥ ខែសីហា ដែលធ្វើឲ្យរដ្ឋាភិបាលចិនមានការខឹងសម្បារជាខ្លាំង និងថ្កោលទោសលោក Lai ថាជា ជនផ្ដាច់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ទន្ទឹមនឹងនោះ ឯករដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានប្រាប់នៅវេទិកា Aspen Security Forum ថា “តៃវ៉ាន់ គឺជាចំណែកមួយនៃប្រទេសចិន” ហើយមហាអំណាចអាស៊ីមួយនេះចង់បាន “ការរួបរួមដោយសន្តិភាព” ប៉ុន្តែជនផ្ដាច់ខ្លួនតៃវ៉ាន់ បែរជាព្យាយាមសុំជំនួយពីអាមេរិកទាំងទទឹងទិសទៅវិញ។
លោក Feng បាននិយាយថា៖ បច្ចុប្បន្នវាគឺជាអាទិភាពរបសយើង ក្នុងការបញ្ឈប់ដំនើរទស្សនកិច្ចរបស់ Lai Ching-te ទៅកាន់សហរដ្ឋអាមេរិក ដែលវាប្រៀបដូចជាការគម្រាមកំហែង មកកាន់ប្រទេសចិន។
គួរជម្រាបបន្ថែមថា លោក Lai គឺជាអនុប្រធានាធិបតី ហើយក៏ជាបេក្ខភាពប្រធានាធិបតីមានការគាំទ្រខ្ពស់បំផុតមួយរូបផងដែរ សម្រាប់ការបោះឆ្នោតដែលគ្រោងនឹងធ្វើនាឆ្នាំក្រោយ ខណៈកន្លងមកលោកធ្លាប់អះអាងថា មានសមត្ថភាពក្នុងការបង្កើតសន្តិភាពជាមួយចិន ប៉ុន្តែមិនទាន់បានអីផង លោកក៏ធ្វើឲ្យចិនខឹងសម្បារបាត់ទៅហើយ៕