កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma បានពោលសរសើរដល់ចំណាត់ការរបស់រដ្ឋាភិបាលចិន ដែលគាំទ្រដល់វិស័យឯកជនឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយឡែកប៉ុស្តិ៍ទូរទស្សន៍រដ្ឋ CCTV ក៏បានដកស្រង់សម្ដីរបស់លោក Ma ដែលមានអត្ថន័យថា ក្រុមហ៊ុន Tencent ពិតជាមានអារម្មណ៍រំភើបរីករាយ និងទទួលបានការលើកទឹកចិត្តខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋាភិបាលថ្មីនេះ។
បន្ថែមពីនោះ មហាសេដ្ឋីចិនរូបនេះសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតហ្គេមមួយនេះ នឹងព្យាយាមបង្កើតកម្មវិធីថ្មីៗ ដើម្បីដើរតាមការលើកទឹកចិត្តពីរដ្ឋាភិបាល។
សូមជម្រាបដែរថា រដ្ឋាភិបាលចិនចាប់ផ្ដើមប្រើវិធីសាស្ត្រត្រជាក់វិញ ដោយព្យាយាមលើកកម្ពស់ និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក បន្ទាប់ពីធ្វើការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំ ពាក់ព័ន្ធជាមួយវិស័យបច្ចេកវិទ្យានាពេលកន្លង ដែលបណ្ដាលឲ្យមានការខាតបង់រាប់រយពាន់លានដុល្លារ៕