កាលពីថ្ងៃទី ១៩ ខែកក្កដាកន្លងទៅ ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ព្រះមហាក្សត្រ Sheikh Mohamed bin Zayed Al Nahyan និងប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការណ៍ និង Mou ដែលមានតម្លៃច្រើនជាង ៥០ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Gulfnews បានបង្ហាញថា រដ្ឋមន្ត្រីវិនិយោគនៃប្រទេសអារ៉ាប់រួម និងរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិនៃប្រទេសតួកគី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ជំរុញឲ្យមានការបណ្ដាក់ទុនកាន់តែច្រើនពីអារ៉ាប់រួម។
ប្រភពដដែលបន្ថែមថា គម្រោងវិនិយោគភាគច្រើនគឺផ្ដោតសំខាន់លើថាមពលកកើតឡើងវិញ អ៊ីដ្រូសែនបៃតង និងអាម៉ូញាក់ រោងចក្រវារីអគ្គិសនី គម្រោងបញ្ជូនថាមពល ការផ្ទុកថ្ម កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមទាំងការប្រើប្រាស់ និងការចាប់យកអ៊ីដ្រូសែន និងកាបូនជាដើម។

សូមជម្រាបដែរថា តួកគឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសអារ៉ាប់រួម ដោយមានទំហំពាណិជ្ជកម្មចន្លោះពីឆ្នាំ ២០១៣ ដល់ ២០២២ ប្រមាណ ១០៣ពាន់លានដុល្លារ មិនគិតពីការនាំចេញ និងនាំចូលប្រេង៕