ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group បានធ្វើការប្រកាសអំពីការខាតបង់សរុបរបស់ខ្លួនដល់ទៅ ៨១ពាន់លានដុល្លារ ត្រឹមតែរយ:ពេល ២ ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិនមួយនេះ បានផុងខ្លួនចូលទៅក្នុងវិបត្តិបំណុលដ៏ច្រើនមហាសាល ចាប់តាំងពីចុងឆ្នាំ ២០២១ មក ហើយថែមតាំងបានប្រកាសរៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសឡើងវិញ កាលពីក្នុងខែមីនា ដោយព្យាយាមបញ្ចប់គម្រោងសាងសង់ និងសងបំណុលអ្នកផ្គត់ផ្គង់ ដ៏ដូចជាអ្នកផ្តល់ប្រាក់កម្ចី ផងដែរ ។
ហើយយ៉ាងណាមិញ ដោយបានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួន កាលពីថ្ងៃចន្ទកន្លងទៅ Evergrande បាននិយាយថា ការខាតបង់របស់ខ្លួន នៅក្នុងឆ្នាំ ២០២១ មានចំនួន ៤៧៦ពាន់លានយ៉ន់ (៦៦,៣៦ពាន់លានដុល្លារ) និងឆ្នាំ ២០២២ ខាតបង់ចំនួន ១០៥,៩ពាន់លានយ៉ន់ (១៤,៧៦ពាន់លានដុល្លារ) បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុប ២ ឆ្នាំចុងក្រោយនេះ កើនដល់ ៨១ពាន់លានដុល្លារ។
ជុំវិញបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន Evergrande ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យវាក្លាយជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន ជាមួយនឹងគម្រោងមិនប្រក្រតី និងគម្រោងអចលនទ្រព្យ ដែលត្រូវបានគេបោះបង់ចោល ត្រូវបានមើលឃើញនៅទូទាំងប្រទេស ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Evergrande បាននិយាយទៀតថា ការខាតបង់ដ៏ធំនេះ គឺដោយសារតែហេតុផលមួយចំនួន រួមទាំងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងទ្រព្យសកម្មផ្សេងទៀត ដ៏ដូចជាការចំណាយលើកកម្ចីការប្រាក់ខ្ពស់ផងដែរ។ ស្របពេលភាគហ៊ុន នៅក្នុងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលធ្លាប់តែលក់ដាច់បំផុតរបស់ចិនមួយនេះ ក៏ត្រូវបានផ្អាកពីការជួញដូរ ចាប់តាំងពីខែមីនា ឆ្នាំមុនមកផងដែរ ៕