ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន Geely ថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការបោះទុនវិនិយោគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ ដើម្បីប្រែក្លាយតំបន់ Tanjung Malim ក្នុងរដ្ឋ Perak របស់ប្រទេសម៉ាឡេស៊ី ទៅជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ទៀតថា ក្រុមហ៊ុនរបស់ចិនមួយនេះ បានបញ្ជូនផែនការវិនិយោគរបស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រី លោក Anwar កាលពីយប់ថ្ងៃចន្ទ ហើយបង្ហាញថាការវិនិយោគនេះផងដែរ នឹងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែង សម្រាប់អ្នករស់នៅក្នុងតំបន់នោះ ។
មិនតែប៉ុណ្ណោះ លោក Anwar បានបញ្ជាក់ នៅអំឡុងព្រឹត្តិការណ៍មួយ កាលពីពេលថ្មីៗនេះទៀតថា ៖” ពួកគេបាននិយាយថាចង់ចាប់ផ្តើម ដោយការវិនិយោគទឹកប្រាក់ ១០ពាន់លានដុល្លារ ឬ ៤០ពាន់លានរីងហ្គីត។ ទាំងនេះមិនមែនសម្រាប់ការទទួលបានកម្រៃជើងសារ ឬជាអំណោយនោះទេ ប៉ុន្តែដើម្បីធានាឱ្យមានកំណើនសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ហើយយុវជនរាប់ពាន់នាក់របស់យើង នឹងទទួលបានការងារធ្វើ ” ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Geely Holding Group Co ក៏មានភាគហ៊ុនចំនួន ៤៩,៩% នៅក្នុងក្រុមហ៊ុនផលិតរថយន្តរបស់ម៉ាឡេស៊ី Proton Holding Bhd ផងដែរ ៕