ក្រុមហ៊ុនឥណ្ឌាមួយ ចាយលុយ ៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតអាគុយរថយន្តEV នៅអង់គ្លេស

អន្តរជាតិ

ក្រុមហ៊ុន Tata Group ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា​ បានបោះជំហានវិនិយោគបង្កើតរោងចក្រផលិតអាគុយសម្រាប់រថយន្តប្រើប្រាស់អគ្គិសនី(EV) នៅក្នុងប្រទេសអង់គ្លេស។ នេះបើតាមការទទួលបានពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃពុធកន្លងទៅ រាជរដ្ឋាភិបាលអង់គ្លេស និង​ក្រុមហ៊ុនតាតា បានប្រកាសនូវផែនការថា ក្រុមហ៊ុនមួយនេះនឹងសាងសង់រោងចក្រខ្នាតយក្សដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេស ជាមួយនឹងទុនសរុបប្រមាណ ៥,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០០នាក់ ជាមួយនឹងសមត្ថភាពផលិតដំបូងបានចំនួន ៤០ជីហ្គាវ៉ាត់ម៉ោង(GWh) ខណៈការសាងសង់រោងចក្រនេះត្រូវបានគេរំពឹងឃើញថា នឹងសាងសង់នៅក្នុងរដ្ឋ Somerset នាភាគនារតីនៃប្រទេសអង់គ្លេស។

យ៉ាងណាមិញ ការសាងសង់រោងចក្រនេះគឺដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ Jaguar Land Rover ដែលជាការជំរុញដ៏សំខាន់ក្នុងឧស្សាហកម្មរថយន្តដែលត្រូវការជាចំបាច់។

សូមជម្រាបដែរថា ក្រុមហ៊ុន Tata Group ជាក្រុមហ៊ុនធំជាងគេរបស់ឥណ្ឌា បានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៨៦៨ ជាមួយនឹងផលិតផល​ និងសេវាកម្មនៅច្រើនជាង ១៥០ប្រទេស និងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១០០នៅទូទាំងទ្វីបចំនួនប្រាំមួយ៕