នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍ទី ២០ ខែកក្កដា បានទទួលស្វាគមន៍ប្រធានសភាប្រឹក្សាអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីឱកាសបន្ថែមទៀត ទៅលើវិស័យទេសចរណ៍ និងការវិនិយោគ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
លោកស្រី Tripanan Sirichana អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល បាននិយាយថា គណ:ប្រតិភូអារ៉ាប៊ីសាអូឌីត ដែលដឹកនាំដោយលោក Abdullah Mohammed Ibrahim Al-Sheikh បានជួបជាមួយលោកឧត្តមសេនីយ ប្រាយុទ្ធ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច ដែលបានគ្រោងទុកនៅប្រទេសថៃ។
គួរឱ្យដឹងថាកិច្ចប្រជុំ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលនេះ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀតរវាងប្រទេសទាំងពីរ។ ស្របពេលលោកស្រី Tipanan បាននិយាយថា ការពិភាក្សាទាំងនេះ នឹងជួយពន្លឿនដល់កិច្ចសហប្រតិបត្តិការ នៅពេលដែលប្រទេសទាំងពីរកំពុងព្យាយាមរឹតបន្តឹងចំណងការទូតឡើងវិញ។
មិនតែប៉ុណ្ណោះ លោកស្រី Tipanan បានបញ្ជាក់ទៀតថា កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំខាងលើ គឺផ្តោតសំខាន់លើមធ្យោបាយនៃការលើកកម្ពស់ទំនាក់ទំនង និងឱកាសវិនិយោគ ជាពិសេស នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច EEC ដែលគ្របដណ្តប់ទៅខេត្តភាគខាងកើតចំនួនបី គឺ ឈុនបូរី រ៉ាយ៉ង និងឆាឈឿងសៅ ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញទៀតថា កិច្ចប្រជុំនេះគឺជាលើកទីមួយហើយ ដែលប្រទេសថៃ បានទទួលស្វាគមន៍គណ:ប្រតិភូមកពីប្រទេសមជ្ឈឹមបូព៌ានេះ ចាប់តាំងពីទំនាក់ទំនងជាធម្មតាត្រូវបានស្តារឡើងវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ប្រាយុទ្ធ ទៅកាន់ទីក្រុងរីយ៉ាត កាលពីឆ្នាំមុន ដើម្បីចុះហត្ថលេខាទៅលើអនុស្សរណ:នៃការយោគយល់ ជាច្រើន ៕