សហរដ្ឋអាមេរិក ចង់ជួយប្រទេសក្នុងតំបន់អាស៊ានមួយ ក្នុងការផលិតបន្ទះឈីប

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថា ប្រទេសរបស់ខ្លួន មានឆន្ទ:ក្នុងការជួយជ្រោមជ្រែងប្រទេសវៀតណាម ដើម្បីផលិតបន្ទះឈីប Semiconductors និងកែលម្អបន្ថែមទៀតទៅលើសមត្ថភាពផលិតថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Yellen បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍ និងថែមទាំងបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក តែងតែចាត់ទុកវៀតណាម ជាដៃគូដ៏សំខាន់ ក្នុងការជំរុញឱកាសវិនិយោគដោយសេរី និងបើកចំហ នៅឥណ្ឌូប៉ាស៊ីហ្វិក ។

មិនតែប៉ុណ្ណោះ លោកស្រីបាននិយាយទៀតផងដែរថា សហរដ្ឋអាមេរិក ចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម និងផែនការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូទូលំទូលាយ និងគួរឱ្យទុកចិត្ត ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Chinh បានប្រាប់ទៅកាន់លោកស្រី Yellen ផងដែរថា ការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតបន្ទះឈីប semiconductors ក៏ជាអាទិភាពមួយ សម្រាប់វៀតណាមផងដែរ ដោយចង់ឱ្យសហរដ្ឋអាមេរិកចូលរួមជួយជ្រោមជ្រែងបន្ថែម ។

យ៉ាងណាមិញ សម្រាប់លោក Yellen វិញ បានកោតសរសើរចំពោះការវិនិយោគ ដែលកំពុងកើនឡើងនៅក្នុងវិស័យឧស្សាហកម្មរបស់វៀតណាម រួមទាំងបន្ទះឈីបកុំព្យូទ័រ និងថាមពលកកើតឡើងវិញ ខណ:លោកស្រីបន្ថែមទៀតថា ប្រទេសខ្លួននឹងនៅតែគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ហើយទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធទាំងនេះ នឹងជួយទាំងប្រជាជនវៀតណាម និងអាមេរិក។

ជម្រាបជូនផងដែរថា វៀតណាម បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ដោយក្នុងនោះរួមមានក្រុមហ៊ុន LG និង Samsung របស់កូរ៉េខាងត្បូង ក្រុមហ៊ុនផ្គត់ផ្គង់ដល់ Apple និងក្រុមហ៊ុនផលិតរថយន្តដូចជា Honda និង Toyota ផងដែរ ៕