មហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុងវក់វីជាមួយនឹងការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ស្របពេលចចាមអារ៉ាមជុំវិញការវាយគ្នាក្នុងទ្រុងរវាងលោក និងប្រធានក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk នៅមិនទាន់សាបរលាប។

យោងតាមការចុះផ្សាយពីគេហទំព័រ Dailymail បានបង្ហាញថា ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Facebook ទើបនឹងទទួលបានខ្សែក្រវាត់ខៀវ បន្ទាប់ពីហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ដល់កម្រិតខ្ពស់ជាងមុន។

ជាមួយគ្នានោះ មហាសេដ្ឋីអាមេរិករូបនេះក៏បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Instagram អបអរសាទរគ្រូបង្វឹករបស់លោក ដែលទើបទទួលបានខ្សែក្រវាត់ខ្មៅ ៥ដាន់ ខណៈលោកក៏បានថ្លែងអំណរគុណ ដល់ក្រុមកីឡាករដែលលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀនលោករហូតទទួលបានខ្សែក្រវ៉ាត់ខៀវផងដែរ។

សូមជម្រាបដែរថា ខ្សែក្រវាត់នៃប្រភេទក្បាច់គុនជីជីតស៊ូត្រូវបានបែងចែកតាមឋានៈពីតូច ទៅធំ ពោលមាន ខ្សែក្រវាត់ស ខៀវ ស្វាយ ត្នោត ខ្មៅ ក្រហមលាយខ្មៅ និងខ្សែក្រវាត់ក្រហម ជាខ្សែក្រវាត់ខ្ពស់បំផុត៕