នាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា បានបដិសេធជាមួយនឹងសំណើពីសម្ព័ន្ធមិត្តរបស់គណបក្សឆ្ពោះទៅមុខ (MFP) ដែលទាមទារឲ្យមានការរង់ចាំ រហូតដល់អាណត្តិរបស់សមាជិកសភាបច្ចុប្បន្នត្រូវបញ្ចប់ក្នុងរយៈពេល ១០ខែខាងមុខ ទើបគិតគូររឿងបង្កើតរដ្ឋាភិបាលថ្មី។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា គណបក្ស Thai Sang Thai និងគណបក្ស Fair បានដាក់សំណើតំណាងឲ្យគណបក្សចម្រុះទាំង ៨ ទៅកាន់រដ្ឋាភិបាលថា ត្រូវរង់ចាំរហូតដល់អាណត្តិសមាជិកសភា ដែលធ្លាប់តែងតាំងដោយយោធាបញ្ចប់នៅក្នុងខែឧសភាឆ្នាំក្រោយសិន សឹមគិតគូររឿងបង្កើតរដ្ឋាភិបាលថ្មី ពោលបើសិនជាអាណត្តិសមាជិសភាបញ្ចប់ នោះនាយករដ្ឋមន្ត្រីថៃ នឹងត្រូវជ្រើសតាំងដោយប្រធានសភាតែម្នាក់គត់។
ទាក់ទងនឹងសំណើមួយនេះ នាយករដ្ឋមន្ត្រីចាំផ្ទះបានប្រកែក និងមិនគាំទ្រឡើយ ដោយលោកបានអះអាងថា ការធ្វើបែបនេះគឺមិនមែនជារឿងត្រឹមត្រូវឡើយ។
សូមជម្រាបបន្ថែមថា កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ លោក ភីថា លីមចារើនរ៉ាត់ មិនទទួលបានជោគជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃឡើយ បើទោះជាលោកជាបេក្ខភាពតែមួយរូបគត់ក្ដី ខណៈការបោះឆ្នោតម្ដងទៀតនឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខ៕