អ្នកជំនួញអាមេរិក ដើមកំណើតវៀតណាម លោក Hoang Kieu ថ្មីៗនេះ បានសារភាពថា ខ្លួនមិនមែនជាមហាសេដ្ឋី ដែលជាប់នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ទៀតនោះឡើយ បន្ទាប់ពីខាតបង់លើការវិនិយោគភាគហ៊ុនដល់ទៅ ៦,៨ពាន់លានដុល្លារ។
គួរឱ្យដឹងថាលោក Hoang បានដាក់អចលនទ្រព្យរបស់ខ្លួន ដែលមានតម្លៃ ៣,៨ពាន់លានដុល្លារ ទៅកាន់ធនាគារមួយ ដើម្បីជាប្រាក់តម្កល់ ក្នុងការខ្ចីប្រាក់ចំនួន ១ពាន់លានដុល្លារ។ ហើយបន្ទាប់មកលោកបានប្រើលុយនោះ ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Shanghai RAAS Blood Products។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលភាគហ៊ុនរបស់ Shanghai RAAS បានធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hoang ត្រូវបានគេប៉ាន់ស្មានថាបានធ្លាក់ចុះដល់ ៧០%។ ស្របពេលលោកក៏ត្រូវដល់ពេលបង្វិលសងធនាគារវិញទាំងប្រាក់ដើម និងប្រាក់ការ ដែលមានចំនួនប្រហែល ៣ ពាន់លានដុល្លារ នៅពេលនោះ ដែលធ្វើឱ្យលោកត្រូវខាតបង់ប្រាក់សរុបដល់ទៅ ៦,៨ ពាន់លានដុល្លារ។
យ៉ាងណាមិញ បុរសដើមកំណើតវៀតណាមរូបនេះ បាននិយាយប្រាប់ទៅកាន់ NgoiiSao ថា ៖ “វាជាការពិត ដែលខ្ញុំលែងជាប់ចំណាត់ថ្នាក់លេខ ១៤៨ ក្នុងបញ្ជី Forbes 400 តទៀត។ ខ្ញុំបានខាតបង់ ៦,៨ពាន់លានដុល្លារ ដោយសារការវិនិយោគភាគហ៊ុន។ ប៉ុន្តែវាជារឿងធម្មតា ក្នុងការក្លាយជាមហាសេដ្ឋីនៅថ្ងៃនេះ តែអ្នកអាចនឹងបាត់តំណែងនៅថ្ងៃស្អែកក៏ថាបាន នៅពេលតម្លៃភាគហ៊ុន ដែលអ្នកបានវិនិយោគនោះធ្លាក់ចុះ ” ។
មិនតែប៉ុណ្ណោះ លោក Hoang បានបន្តទៀតថា ៖” ខ្ញុំមិនមែនជាមហាសេដ្ឋីក្នុងបញ្ជី Forbes ទៀតទេ ប៉ុន្តែជាមូលដ្ឋានគ្មានអ្វីផ្លាស់ប្តូរ នៅក្នុងជីវិតរបស់ខ្ញុំឡើយ។ ខ្ញុំនៅតែមានសាច់ប្រាក់ និងអចលនទ្រព្យក្នុងដៃ។ ខ្ញុំកំពុងព្យាយាមដណ្តើមយកតំណែងមហាសេដ្ឋីរបស់ខ្ញុំមកវិញ ហើយសារនេះខ្ញុំនឹងយកតំណែងខ្ពស់ជាងមុន នៅលើ Forbes”។
ជម្រាបជូនផងដែរថា លោក Hoang Kieu ត្រូវបាន Forbes ចុះបញ្ជីជាមហាសេដ្ឋី ក្នុងឆ្នាំ ២០១៤ នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១,៧ ពាន់លានដុល្លារ។ ហើយបន្ទាប់មក ទ្រព្យសម្បត្តិសរុបរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងប្រហែល ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី១៤៨ របស់អាមេរិក៕