កាលពីពេលថ្មីៗនេះ ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានប្រកាសពីការពន្យារពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដែលគ្រោងនឹងធ្វើនាសប្ដាហ៍នេះ ទៅពេលក្រោយវិញ។
យោងតាមការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា ការលើកពេលសារនេះ ប្រធានសភាបានបញ្ជាក់ច្បាស់ៗថា វានឹងមិនមានការកំណត់ពេលវេលាច្បាស់លាស់ឡើយ ខណៈលោក Wan សង្កត់ធ្ងន់ថា ការសម្រេចចិត្តមួយនេះធ្វើឡើង បន្ទាប់ពីបានពិគ្រោះជាមួយមន្ត្រីច្បាប់នៃសភាតំណាងរាស្ត្រ និងទីប្រឹក្សារបស់លោក។
ហេតុផលមួយទៀតសម្រាប់ការពន្យាពេលបើកសម័យប្រជុំសភា គឺដោយសារតែសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប់ឆ្នោតជាច្រើននាក់ព្រួយបារម្ភថា ពួកគេនឹងមិនអាចចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រនៅក្នុងខេត្តរៀងៗខ្លួន នៅថ្ងៃសុក្រនេះ ប្រសិនបើកិច្ចពិភាក្សាអូសបន្លាយពេលយូរ។
សូមជម្រាបបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ដំបូងឡើយគ្រោងធ្វើនាថ្ងៃព្រហស្បតិ៍ខាងមុខ ខណៈភាពចម្រូងចម្រាសជុំវិញអនាគតបេក្ខភាពនាយករដ្ឋមន្ត្រីនៅតែស្រពិចស្រពិល ពោលគណបក្សចម្រុះទាមទារឲ្យលោក ភីថា លីមចារើនរ៉ាត់ បន្តឈរឈ្មោះម្ដងទៀត ទោះបរាជ័យ ២លើក ប៉ុន្តែសមាជិកសភាច្រានសំណើនេះចោល ដោយអះអាងថា សកម្មភាពដដែលៗ នឹងមិនកែប្រែលទ្ធផលផ្សេងឡើយ៕