កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ មហាសេដ្ឋីអង់គ្លេស Joe Lewis ទទួលបានការចោទប្រកាន់ពីសំណាក់តុលាការអាមេរិក ជុំវិញការលួចបន្លំទិន្នន័យផ្សារហ៊ុន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមការចុះផ្សាយពីគេហទំព័រ CNN បានទម្លាយថា មេធាវីអាមេរិក លោក Damian Williams បានចោទម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ថា បានលួចទិន្នន័យផ្ទៃក្នុងនៃផ្សារហ៊ុនចន្លោះឆ្នាំ ២០១៣ ដល់ ២០២១ ឲ្យទៅមនុស្សជិតស្និទ្ធរបស់លោក ដើម្បីឲ្យពួកគេកើបលុយបានរាប់លានដុល្លារពីទិន្នន័យទាំងនោះ។
ការចោទប្រកាន់មួយនោះបានបញ្ជាក់ទៀតថា លោក Lewis បានផ្ដល់ប្រាក់កម្ចីទៅកាន់អ្នកបើកបររបស់លោក ៥០០ ០០០ដុល្លារ ដើម្បីឲ្យពួកគេត្រៀមទិញភាគហ៊ុនក្រុមហ៊ុនមួយ មុនប្រកាសចូលទីផ្សារភាគហ៊ុន ដែលធ្វើឲ្យពួកគេទទួលបានផលប្រយោជន៍ច្រើនពីរឿងមួយនេះ។
សូមជម្រាបដែរថា ក្រៅពីជាម្ចាស់ភាគហ៊ុនធំនៃក្រុមបាល់ទាត់ Tottenham Hotspur មហាសេដ្ឋីអង់គ្លេសមានលុយជាង ៦ពាន់លានដុល្លាររូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុន Tavistock Group ដែលកំពុងវិនិយោគនៅក្រុមហ៊ុនច្រើនជាង ២០០ ទូទាំង ១៣ប្រទេសផងដែរ៕