នាថ្ងៃទី ២៦ ខែកក្កដានេះ រដ្ឋាភិបាលកូរ៉េខាងជើងបានក្រាលព្រំក្រហម ទទួលគណៈប្រតិភូរុស្ស៊ី ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងគណៈប្រតិភូចិនយ៉ាងកក់ក្ដៅ មុនចូលរួមកម្មវិធីគម្រប់ខួបសង្គ្រាមកូរ៉េ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋាភិបាលក្រុង Pyongyang នឹងប្រារព្ធពិធីគម្រប់ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើបទឈប់បាញ់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ នៃសង្គ្រាមកូរ៉េ ដែលបានបញ្ចប់អរិភាពដោយបើកចំហ ហើយត្រូវបានសម្គាល់ថា ជាទិវាជ័យជំនះនៅភាគខាងជើង។

ដោយឡែកសារព័ត៌មានរដ្ឋ Korean Central News Agency បានរាយការណ៍ថា ភ្លេងជាតិរុស្ស៊ីបានបន្លឺឡើងពាសពេញប្រលានយន្តហោះអន្តរជាតិ Pyongyang International Airport ដែលត្រូវបានគេសន្មត់ថា បិទបញ្ចប់ការស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋាភិបាលកូរ៉ខាងជើង ដែលត្រៀមទទួលលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។
សូមជម្រាបន្ថែមថា ការជួបគ្នារវាងមហាអំណាចរុស្ស៊ី ចិន និងកូរ៉ខាងជើង ត្រូវបានគេមើលឃើញថា ជាការរួបរួមដ៏រឹងមាំ បង្ហាញឲ្យអាមេរិកដឹងពីសម្ព័ន្ធមិត្តត្បូងពេជ្ររបស់មហាអំណាចទាំង ៣៕