ថ្មីៗនេះ រដ្ឋាភិបាលឡាវ បានបង្ហាញថា ខ្លួនគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការផ្ទេរប្រាក់ តាមរយ: QRកូដ ជាមួយប្រទេសជិតខាង ដូចជា វៀតណាម ថៃ និងកម្ពុជា ដោយនឹងចាប់ផ្តើមពីត្រីមាសទី ៤ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ទេសាភិបាលធនាគារឡាវ លោកបណ្ឌិត Bounleua Sinzayvoravong បានមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ QRកូដ នឹងជួយសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ សម្រាប់ពលករ និងភ្ញៀវទេសចរឡាវ នៅក្នុងប្រទេសទាំងបីខាងលើ ហើយក៏អាចទូទាត់ត្រលប់មកវិញបាន ផងដែរ ។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ជនជាតិឡាវចំនួន ៣០៣ ៣៩១ នាក់ កំពុងធ្វើការនៅបរទេស ដោយបានបញ្ជូនប្រាក់ត្រលប់មកកាន់ប្រទេសវិញ ក្នុងចំនួនប្រមាណ ៤២៦លានដុល្លារ ក្នុងមួយឆ្នាំ ដែលវាបានរួមចំណែកយ៉ាងច្រើន ដល់សេដ្ឋកិច្ចឡាវ និងប្រាក់ចំណូលរូបិយប័ណ្ណបរទេស ថែមទៀតផង ។
មិនតែប៉ុណ្ណោះ លោកបណ្ឌិត Sinzayvoravong បានបញ្ជាក់ទៀតថា ធនាគារកណ្តាលនៃប្រទេស ដែលពាក់ព័ន្ធកំពុងធ្វើការជាមួយធនាគារពាណិជ្ជរបស់ឡាវ ដើម្បីភ្ជាប់ប្រព័ន្ធប្រតិបត្តិការ ដែលបានស្នើឡើងនោះ។
យ៉ាងណាមិញ នៅពេលដែលប្រព័ន្ធប្រតិបត្តិការ QRកូដ ត្រូវបានដាក់ឱ្យដំណើរការ នោះវានឹងអាចឱ្យជនជាតិឡាវ នៅក្នុងប្រទេសផ្សេងទៀត អាចធ្វើការផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារ និងអាចសន្សំសំចៃថ្លៃសេវា ហើយទន្ទឹមនឹងនោះ ក៏អាចជៀសវាងហានិភ័យ ដែលអាចកើតមានឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សេងទៀត បានផងដែរ។
លើសពីនេះទៅទៀត កម្មវិធីទូទាត់តាមប្រព័ន្ធ QRកូដ នេះ នឹងធ្វើឱ្យអ្នកទេសចរ វៀតណាម ថៃ និងកម្ពុជា កាន់តែមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាត់ អំឡុងពេលស្នាក់នៅប្រទេសឡាវបានថែមទៀតផង ៕