លោក Wang Yi ទើបនឹងទទួលបានតំណែងជារដ្ឋមន្ត្រីការបរទេសចិនថ្មី បន្តតំណែងពីលោក Qin Gang ដែលបាត់មុខពីទីសាធារណៈរយៈពេលជាង ១ខែ ខណៈថ្មីៗនេះលោកក៏បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CGTN បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Ankara រដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។
ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាងបានជជែកគ្នាពីការអភិវឌ្ឍន៍ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងតួកគី ខណៈលោក Wang បានប្រាប់ទៅកាន់ប្រធានាធិបតីថា ចិន នឹងធ្វើការជាមួយតួកគី ដោយផ្ដោតសំខាន់លើការរក្សា និងធ្វើឲ្យស៊ីជម្រៅ លើការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-តួកគីដល់កម្រិតថ្មីមួយ។
ដោយឡែក លោក Erdogan ក៏បានឆ្លើយតបថា តួកគី និងចិនគឺជាប្រទេសដែលមានឥទ្ធិពលបំផុតលើលោក ខណៈសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នឹងជួយដល់សេដ្ឋកិច្ចសកលលោក៕