ថ្មីៗនេះ ទីភ្នាក់ងារអន្តោប្រវេស៍នៃប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា គោលនយោបាយថ្មី ក្នុងការបញ្ចេញ ទិដ្ឋាការមាស នឹងត្រូវបានអនុវត្ត នៅដើមខែសីហាខាងមុខនេះ សម្រាប់ក្រុមហ៊ុនបរទេស និងវិនិយោគិន ដែលដាក់លុយមកវិនិយោគ នៅក្នុងប្រទេសខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ប្រធានទីភ្នាក់ងារអន្តោប្រវេស៍ លោក Silmy Karim បានអះអាងថា គោលនយោបាយនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនមកកាន់ប្រទេសរបស់ខ្លួន ដោយសារទិដ្ឋាការពិសេសនោះ នឹងផ្តល់ជម្រើសជាច្រើន ។
លើសពីនេះ ក្រុមហ៊ុន ដែលមានបំណងដាក់ពាក្យស្នើសុំទិដ្ឋាការនេះ គឺត្រូវតែវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ៥០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណ:បុគ្គលម្នាក់ៗ ត្រូវវិនិយោគយ៉ាងតិចបំផុត ៣៥០ ០០០ដុល្លារ ក្នុងមូលបត្របំណុលរដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ បើតាមលោក Silmy បានបង្ហាញទៀតថា វាគឺជាវិធានការមួយរដ្ឋាភិបាល ក្នុងការពិនិត្យមើលភ្ញៀវទេសចរបរទេស ដែលមានគុណភាព មកកាន់ប្រទេសរបស់ខ្លួន។ ហើយសម្រាប់ ទិដ្ឋាការមាសនេះ នឹងមានសុពលភាពរយ:ពេល ៥-១០ ឆ្នាំ និងអនុញ្ញាតឱ្យវិនិយោគិន អាចកាន់អាជីវកម្ម និងសកម្មភាពផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូនេស៊ី បានសម្តែងក្តីសង្ឃឹមថា ទិដ្ឋាការមាសនេះ នឹងជួយទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត នៅក្នុងវិស័យជាច្រើន និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕