ចារកម្មអាមេរិកសង្ស័យ ចិនកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប ដល់កងយោធារុស្ស៊ី

អន្តរជាតិ

បើតាមការឲ្យដឹងពីភ្នាក់ងារចារកម្មអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ចិន​កំពុង​ជួយរុស្ស៊ី គេចចេញពីការដាក់ទណ្ឌកម្ម​ពីលោកខាងលិច ហើយក៏ទំនងកំពុង​ផ្គត់ផ្គង់បច្ចេកវិទ្យា​ទំនើប​ដល់​កងកម្លាំងយោធារុស្ស៊ី ក្នុងការ​ឈ្លានពាន​ប្រទេសអ៊ុយក្រែនថែមទៀត។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ការវាយតម្លៃដោយការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) ខាងលើត្រូវបានបោះពុម្ពផ្សាយ ដោយគណៈកម្មាធិការជ្រើសរើសអចិន្ត្រៃយ៍ របស់សភាតំណាងសហរដ្ឋអាមេរិក ស្តីពីការស៊ើបការណ៍សម្ងាត់។

“PRC កំពុង​ផ្ដល់នូវបច្ចេកវិទ្យាទំនើបទៅកាន់​កងយោធារុស្ស៊ី ដើម្បីប្រើប្រាស់​សម្រាប់ការរំលោភ​បំពាន​បន្ថែមទៅលើអ៊ុយក្រែន បើទោះជា​មាន​ការ​ព្យាយាមទប់ស្កាត់​ពីសំណាក់​លោកខាងលិច​ក្ដី”។ នេះបើតាមរបាយការណ៍ពី ODNI។

បន្ថែមពីនោះ ODNI ថែមទាំងសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី​បាន​រឹតចំណងមិត្តភាព​កាន់តែខ្លាំង បន្ទាប់​ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ពោលទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំង ២ កើនឡើងខ្ពស់ បើធៀបនឹងមុនពេលមានសង្គ្រាម៕

គួររំលឹកបន្តិចថា កន្លងមកអាមេរិកតែងតែចោទចិនជារឿយៗថា បានផ្គត់ផ្គង់សព្វាវុធទៅកាន់រុស្ស៊ី ហើយវាក៏ជាមូលហេតុដែលចិន តែងតែបដិសេធមិនចូលរួមដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តត្បូងពេជ្រមួយនេះដូចគ្នា ខណៈភាគីចិន​តែងទាត់ចោលពាក្យចោទប្រកាន់ខាងលើ និងអះអាងថា ខ្លួនប្រកាន់ជំហអព្យាក្រឹត្យ និង​ព្យាយាម​ចូលរួមដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន តាមបែបសន្តិវិធីប៉ុណ្ណោះ៕