ប្រទេសអាស៊ានចំនួនពីរ ឈរលើគេ ក្នុងនាមភ្ញៀវបរទេសចូលទៅកាន់ឡាវច្រើនបំផុត

អន្តរជាតិ

យោងតាមនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ឡាវ បានបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរវៀតណាម ជិត ៣៩៩ ០០០ នាក់ បានចូលទៅលេងកម្សាន្តនៅក្នុងប្រទេសឡាវ គិតត្រឹមឆមាសទីមួយនៃឆ្នាំនេះ ពោលគឺបានជាប់នៅចំណាត់ថ្នាក់លេខ ២ ដែលមានចំនួនភ្ញៀវទេសចរមកកាន់ប្រទេសឡាវច្រើនជាងគេ នៅអំឡុងពេលនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញទៀតថា ប្រទេសឡាវ បានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១,៦៧ លាននាក់ ក្នុងរយ:ពេល ៦ ខែដំបូងឆ្នាំ ២០២៣ នេះ។ ហើយក្នុងចំណោមនោះ ប្រទេសដែលនាំមុខគេ គឺថៃ ដែលមានភ្ញៀវជាង ៦៦៨ ០០០ នាក់ បន្ទាប់មកគឺវៀតណាម (ជិត ៣៩៩ ០០០ នាក់) , ចិន (ជាង ៣១៧ ០០០ នាក់) , សាធារណដ្ឋកូរ៉េ (ជិត ៧៣ ០០០ នាក់) និងសហរដ្ឋអាមេរិក (៣០ ៤៥៥ នាក់) ។

គួរកត់សម្គាល់ផងដែរថា ភ្ញៀវទេសចរ ដែលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានចំនួនច្រើនជាងគេបំផុត នៃអ្នកដែលមកលេងកម្សាន្តប្រទេសឡាវ ដែលមានជិត ១,១ លាននាក់ បន្ទាប់មកគឺភ្ញៀវមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានជាង ៤២៧ ០០០ នាក់។ ទន្ទឹមនឹងនោះ នៅឆមាសទីមួយនៃឆ្នាំនេះ ឡាវ បានទាក់ទាញភ្ញៀវមកពីតំបន់អឺរ៉ុបត្រឹមតែជាង ១០ ម៉ឺននាក់ប៉ុណ្ណោះ និងភ្ញៀវមកពីទ្វីបអាមេរិក ជាង ៤១ ០០០ នាក់។

យ៉ាងណាមិញ ជាមួយនឹងលទ្ធផលវិជ្ជមាន នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ឡាវ រំពឹងថានឹងអាចទាក់ទាញភ្ញៀវអន្តរជាតិ ប្រមាណ ២ លាននាក់នៅឆ្នាំនេះ។ ខណ:ប្រទេសនេះ ក៏បានកំណត់គោលដៅ ប្រកបដោយមហិច្ឆិតាសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ខ្លួន គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាង ៤ លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យនេះ បានប្រហែល ៧១២លានដុល្លារ ក្នុងឆ្នាំ ២០២៤ ខាងមុខ៕